នយោបាយ

សម្ដេចតេជោ ​បង្ហាញជំនឿថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួនធំរបស់CPP អាចត្រូវបានជាប់ឆ្នោតឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញជំនឿថា បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ​មួយចំនួនធំ អាចត្រូវបានជាប់ឆ្នោតឡើងវិញ ខណៈមួយចំនួនទៀត មិនអាចជាប់ឆ្នោត ដោយសារតែបញ្ហា កត្ដាអាយុនិងមិនបានឈរឈ្មោះ បោះឆ្នោតទៀត។

នៅក្នុងសារជាសំឡេង ជាង១៤នាទី នាថ្ងៃ​នេះសម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរ និងអរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ទាំងអស់ នៅទូទាំងប្រទេស ដោយនឹងត្រូវផុតអាណត្តិ នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលបានបំពេញការងារ បម្រើប្រជាជនបានយ៉ាងល្អ ទោះក្នុងកាលៈទេសៈនៃការរីករាលដាល ជំងឺកូវីដ១៩ និងបញ្ហាគ្រោះធម្មជាតិនានា។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា “ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងត្រូវធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ មានបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនធំ អាចត្រូវបានជាប់ឆ្នោតឡើងវិញ ប៉ុន្តែក៏មានក្រុមប្រឹក្សាឃុំសង្កាត់ខ្លះទៀត មិនបានជាប់ឆ្នោត ដោយសារតែកត្តាអាយុ”។

ផ្ទាំងពាណិជ្ជកម្ម

ឆ្លៀតក្នុងឱកាសនោះសម្ដេចតេជោ បានមានប្រសាសន៍ថា “ខ្ញុំសូមអរគុណចំពោះសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់ ដែលបានធ្វើកិច្ចការដ៏ល្អ ក្នុងរយៈពេលកន្លងទៅនេះ ហើយខ្ញុំក៏នៅតែទុកចិត្ត ដល់ក្រុមប្រឹក្សាឃុំសង្កាត់ ដែលនៅមិនទាន់អាណត្តិ បន្តយកចិត្តទុកដាក់មើលសុខទុកប្រជាពលរដ្ឋ ក្នុងរយៈពេលនៃដំណើរការ បោះឆ្នោតជិតមកដល់ ជាពិសេសគឺសារាចរណែនាំទាំងឡាយ ពាក់ព័ន្ធការមិនផឹកគ្រឿងស្រវឹង ក៏ដូចជាអនុវត្តនូវវិធានការ ទាំងឡាយ នៃវិស័យសុខាភិបាល”។

សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងរៀបចំ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយ ចំនួន១៧ បានចូលរួម៕

To Top