ព័ត៌មានជាតិ

ប្រធានរដ្ឋសភា អញ្ជើញបោះឆ្នោត នៅខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងសម្តេច សៅ ទី ហេង សំរិន បានអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅការិយាល័យបោះឆ្នោត ក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលជាស្រុកកំណើតសម្តេចផ្ទាល់ ។

ប្រធានរដ្ឋសភា បានបង្ហាញក្តីសប្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋ ចេញទៅបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ នៅមូលដ្ឋានរបស់ខ្លួន ដោយក្តីរីករាយ ដោយសេរី តាមឆន្ទៈ របស់ខ្លួន គ្មានអំពើហិង្សា។ ការបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាដំណើរការប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយផ្តល់ឱកាសជូនប្រជាពលរដ្ឋ ជ្រើសរើសអ្នកដឹកនាំ នៅក្នុងមូលដ្ឋានខ្លួនដោយផ្ទាល់ ជាការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងត្រូវជ្រើសរើស មកបម្រើការងារក្នុងឃុំ-សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

យោងតាមគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានឲ្យដឹងថា ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រី ចំនួន ៤,៩០៤,៨៣២នាក់ ៕

To Top