នយោបាយ

សម្ដេច ស ខេង ថ្លែងអំណរគុណ ចំពោះអាជ្ញាធរ ចូលរួមទប់ស្កាត់ និងដោះស្រាយរាល់បាតុភាព អសកម្មនានា ក្នុងដំណើរការបោះឆ្នោត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍ សម្រាប់ការបោះឆ្នោត (គ.ស.អ) បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយ រាល់បាតុភាពអសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

យោងតាមលិខិតសរសើរ និងថ្លែងអំណរគុណរបស់ គ.ស.អ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់ កម្លាំងកាយ និងស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម បានល្អប្រសើរនៅគ្រប់ដំណាក់កាល នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

សម្ដេច បញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់បំពេញ ភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ ពី សំណាក់អាជ្ញាធរ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងដោះស្រាយរាល់បាតុភាព អសកម្មនានា ដោយឈរលើគោលការណ៍ អព្យាក្រឹត ក្នុងវិជ្ជាជីវៈ ដែលបាន បង្កលក្ខខណ្ឌអំណោយផល និង បរិយាកាសសន្តិសុខ ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋ និងបណ្តាគណបក្ស នយោបាយ ដែលចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត អាចអនុវត្តសិទ្ធិសេរីភាព ស្របតាម ឆន្ទៈរបស់ខ្លួន»

សម្ដេច បន្ដថា ទន្ទឹមនេះ ដំណើរការប្រព្រឹត្តទៅ ដោយជោគជ័យ ក្រោមបរិយាកាសស្ងប់ស្ងាត់ សុខសន្តិភាព និងគ្មាន អំពើហិង្សា នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ក៏បានបង្ហាញទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឲ្យឃើញនូវភាពកាន់តែចាស់ទុំ និងភាពម្ចាស់ការ ព្រមទាំងឆ្លុះបញ្ចាំង ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕

To Top