ព័ត៌មានជាតិ

កម្ពុជា ទទួលរងឥទ្ធិពលជ្រលងប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើងឡាវ-វៀតណាមធ្វើឲ្យភ្លៀងធ្លាក់ពីថ្ងៃ៨-១៤ មិថុនា

ភ្នំពេញ ៖ កម្ពុជាទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៤-៣៦អង្សាសេ។ បណ្តារាជធានី-ខេត្តនានា នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ក្នុងនោះក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ នៅផ្នែកខ្លះនៃបណ្តាខេត្តនៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ ។

ផ្ទាំងពាណិជ្ជកម្ម

ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមាពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម ៕

To Top