នយោបាយ

សម្តេច ទៀ បាញ់ ៖ កម្ពុជាបង្កើនសមត្ថភាពទ័ព គឺគ្មានចេតនាគំរាមកំហែង ប្រទេសណាមួយទេ ខណៈមិនអនុញ្ញាតឲ្យ មានវត្តកងទ័ពបរទេស

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ ហើយការធ្វើទំនើបកម្មកំពង់ផែរាម គ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត គឺគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយទេ ។

ករណីមូលដ្ឋានកងទ័ពជើងទឹករាមនេះ មហាអំណាចអាមេរិក បានចោទថាកម្ពុជា បានផ្ដល់មូលដ្ឋានឲ្យកងទ័ពចិន ទោះបីមានការបញ្ជាក់យ៉ាងច្បាស់ៗ ជាច្រើនលើក ច្រើនសារ ពីរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ ក៏ពួកគេមិនជឿ ហើយបន្តចោទកម្ពុជា ដដែលជាដដែល ។

ក្នុងឱកាសអញ្ជើញជាអធិបតីបញ្ចុះបឋមសិលា និងបើកការដា្ឋនសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម នៅថ្ងៃ៨ មិថុនា សម្តេច ទៀ បាញ់ មានប្រសាសន៍ថា ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្ម លើកកម្រិតនៅមូលដ្ឋានរាមប៉ុណ្ណោះទេ តែបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ កាន់តែមានសមត្ថភាពខ្ពស់ អាចធានាដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន ថែមទាំងអាចបំពេញបានករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យដូចជា៖ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ការជួយសង្គ្រោះគ្រោះមហន្តរាយ និងប្រតិបត្តិការរក្សាសន្តិភាពជាដើម ។

សម្តេច ទៀ បាញ់ បន្ថែមថា កម្ពុជាបានទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត ដូចជាសម្ភារៈសឹកធុនធ្ងន់ និងទំនើប ហើយបច្ចុប្បន្ននេះ កំពុងតែធ្វើការហ្វឹកហ្វឺនជំនាញបញ្ហា បច្ចេកទេស និងប្រើប្រាស់។ នៅពេលអនាគត កម្ពុជានឹងបន្តទទួលជំនួយឥតសំណងពីប្រទេសជាមិត្ត និងទិញសម្ភារៈ សឹកធុនធ្ងន់ និងទំនើបពីប្រទេសនានា សម្រាប់ពង្រឹងសមត្ថភាពយោធារបស់ខ្លួន ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបញ្ជាក់ថា «កម្ពុជាគ្មានចេតនាបង្កការគំរាមកំហែង ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់រាល់ ការចូលរួមអភិវឌ្ឍន៍ សមត្ថភាពកងទ័ពរបស់ប្រទេសដទៃនោះឡើយ។ កម្ពុជាគ្រាន់តែចង់លើកកម្រិតសមត្ថភាពការពារខ្លួនឲ្យកាន់តែប្រសើរឡើងថែមទៀត ធានាបានភាពធន់ទប់ទល់ពីសម្ពាធ និងឥទ្ធិពល នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដែលកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីធានាដំណើរទៅមុខ ក្នុងសន្តិភាព សន្តិសុខ និង វិបុលភាព និងមានលទ្ធភាពចូ​លរួមកសាងសន្តិភាពក្នុងតំបន់ និងសកលលោក កម្ពុជាគ្មានគោលន​យោ​បា​យ ជ្រើសរើសប្រទេសមួយ ​ដើម្បីប្រឆាំងប្រទេសមួយឡើយ»។

សម្តេចគូសបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ចចំពោះការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ដោយអនុវត្តតាមច្បាប់ រដ្ឋធម្មនុញ្ញកម្ពុជា ប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ។ កម្ពុជារួមរស់ដោយសន្តិសហវិជ្ជមាន ជាមួយប្រទេសជិតខាង និង ប្រទេសដទៃទៀតទាំងអស់ នៅលើសកលលោក ។ កម្ពុជាមិនឈ្លានពានប្រទេសណាដាច់ខាត មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃប្រទេសដទៃដោយផ្ទាល់ ឬ ដោយប្រយោល ទោះបីក្រោមរូបភាពណាក៏ដោយ ដោះស្រាយរាល់ បញ្ហាដោយសន្តិវិធី និងគោរពផលប្រយោជន៍ ផងគ្នាទៅវិញទៅមក។

ក្នុងមាត្រា៥៣ ក៏បានចែងផងដែរថា កម្ពុជាមិនចង សម្ព័ន្ធយោធា ឬចូលក្នុងកិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹត ភាពរបស់ខ្លួនឡើយ ។ កម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យមានមូលដ្ឋាន យោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌ នៃសំណូមពររបស់អង្គការ សហប្រជាជាតិ​ ​​​​​​​​​​​​​​។ ក​​​​​ម្ពុជា​​​​​​​​​​​​​​​​​​​​រ​ក្សា​សិ​ទ្ធិទ​ទួល​យកជំនួយ​ បរទេសជាសម្ភារៈយោធា អាវុធ គ្រាប់រំសេវ ការហ្វឹកហ្វឺន កងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួននិងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស ៕

To Top