ព័ត៌មានជាតិ

រដ្ឋមន្ដ្រីកសិកម្ម បញ្ជាមន្ដ្រីក្រោមឱវាទ ដាក់ចេញវិធានការបន្ទាន់ ដោះស្រាយការរាំងស្ទះដល់ល្បឿន បង្កបង្កើនផល

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ដាក់ចេញវិធានការបន្ទាន់ ដើម្បីដោះស្រាយការរាំងស្ទះដល់ល្បឿន ការងារបង្កបង្កើនផលរបស់កសិករ ក្នុងភូមិសាស្ដ្រខ្លួន។

តាមសេចក្ដីណែនាំរបស់ ក្រសួងកសិកម្ម នាថ្ងៃទី៩ មិថុនា លោក វេង សាខុន បានថ្លែងបញ្ជាក់ថា «អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ត្រូវសហការជាមួយមន្ទីរជំនាញជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ចុះផ្ទៀងផ្ទាត់តួលេខល្បឿនការងារ បង្កបង្កើនផលជាក់ស្តែង កំណត់មូលហេតុចម្បងៗ ដែលបណ្ដាលឲ្យការងារបង្កបង្កើនផលស្រូវ មានការយឺតយ៉ាវ និងដាក់ចេញនូវវិធានការបន្ទាន់ចំពោះមុខ ដើម្បីដោះស្រាយការរាំងស្ទះដល់ ល្បឿនការងារបង្កបង្កើនផល ក្នុងភូមិសាស្ត្ររបស់ខ្លួន»។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្ដថា អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីរកសិកម្មរាជធានី-ខេត្ត ដើម្បីជំរុញការដាំដុះនៅតាមតំបន់ ដែលមានការដាំដុះយឺត និងផ្សព្វផ្សាយបច្ចេកទេសដាំដុះ សមស្របទៅតាមលក្ខខណ្ឌ នៃប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ។ ទន្ទឹមនឹងនេះ ត្រូវត្រៀម គ្រឿងយន្តកសិកម្មដើម្បីអន្តរាគមន៍ភ្ជួររាស់ និងរំដោះទឹកចេញពីស្រែជូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ និងខូចខាតស្រូវដោយសារទឹកជំនន់ ជាពិសេសចំពោះគ្រួសារក្រីក្រខ្វះលទ្ធភាព។

លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានណែនាំបន្ថែមថា មន្ទីរកសិកម្មរាជធានី-ខេត្ត ត្រូវសហការជាមួយអង្គភាពពាក់ព័ន្ធនិង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីវាយតម្លៃការខូចខាត ស្រូវដោយសារជំនន់ទឹកភ្លៀងឲ្យ បានរួសរាន់ និងលើកសំណើទៅលេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សុំគ្រាប់ពូជស្រូវសម្រាប់ស្ដារឡើងវិញ ឲ្យបានទាន់ពេលវេលា៕

To Top