ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ទៅឃ្វាលគោ ប្រទះឃើញគ្រាប់បែក ផលិតនៅសូវៀត មិនទាន់ផ្ទុះជិត៥០គ្រាប់

ភ្នំពេញ ៖ ប្រជាពលរដ្ឋឈ្មោះ ហែម សុផល ភេទប្រុស អាយុ៦៩ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង បានទៅឃ្វាលគោប្រទះឃើញ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់មីនប្រភេទ PN2 សញ្ញាលេខបូក ផលិតនៅប្រទេសសូវៀត ចំនួន៤៧គ្រាប់ ត្រង់ចំណុចហុងទី៥ ស្ថិតនៅភូមិឃុំខាងលើ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥និង៣៥នាទី ។ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ក្រោយទទួលដំណឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជីក នៃអធិការដ្នានគរបាលស្រុករុក្ខគីរី បានចុះធ្វើការត្រួតពិនិត្យចំពោះគ្រាប់មីនទាំងនេះ និងបានបន្តរាយការណ៍ជូនដល់អង្គភាពស៊ីម៉ាក CMAC ដើម្បីយកទៅកំទេច។

នគរបាលស្រុករុក្ខគីរី បានថ្លែងអំណរគុណពលរដ្ឋ ដែលបានរាយការណ៍ជូនសមត្ថកិច្ច ទាន់ពេលវេលា និងបានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅ ក្នុងមូលដ្ឋានទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមាន គ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ ៕

To Top