ព័ត៌មានជាតិ

ឥណ្ឌា កុំយកនយោបាយ មកលាយឡំ ក្នុងរឿងកីឡា

ភ្នំពេញ៖ ហាក់ខុសប្លែកពីគេបន្តិច លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកយកបញ្ហា ដែលជាទង្វើមិនគម្បីរបស់ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា ដោយបានផ្ដាំថា “ឥណ្ឌាកុំយក នយោបាយ មកលាយឡំ ក្នុងរឿងកីឡា”។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា (AIFF) និង និងសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើទង្វើមិនគម្បី ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា លើបញ្ហាស្នាក់នៅ និងការហូបចុក ជាពិសេសពាក់ព័ន្ធការមិនយកចិត្តទុកដាក់ ទៅនឹងភ្លេងគោរពទង់ជាតិខ្មែរ ដែលនឹងត្រូវចាក់មុនឈានដល់ ការប្រកួតវគ្គជម្រុះពូល D នៃពានរង្វាន់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata ប្រទេសឥណ្ឌា ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា “ឥណ្ឌាកុំយក នយោបាយ មកលាយឡំ ក្នុងរឿងកីឡា ។ ច្បាប់ហ្វីហ្វាក៏ដូចជា សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ បានហាមឃាត់ដាច់ខាត មិនយកនយោបាយ មកពាក់ព័ន្ធនឹងកីឡា”។

លោក សយ សុភាព បន្ថែមថា យើងមិនទាន់វិនិច្ឆ័យភ្លាម ដោយងងឹតងងុលទេ ដែលសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា បានបង្ហាញឥរិយាបថ មិនសមរម្យ ចំពោះកីឡាករកម្ពុជា ដែលមិនបានចាក់ឬប្រគុំ បទភ្លេងគោរពទង់ជាតិ របស់កម្ពុជា មកពីមូលហេតុអី។ តែអ្នកតាមដានកីឡា ជនជាតិខ្មែរ បានសំដែងការខកចិត្ត ចំពោះទង្វើរបស់សហព័ន្ធកីឡាបាល់ទាត់ ឥណ្ឌា។

យ៉ាងណាក៏ដោយទុកបញ្ហា ជូនសហព័ន្ធកីឡាល់បាត់កម្ពុជា ដោះស្រាយតាមរបៀបការទូត ហើយក៏យើងបានដឹងដែរថា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានមានផែនការ ជួបដោយផ្ទាល់ក្រុមកីឡាបាល់ទាត់កម្ពុជា ពេលត្រឡប់ពីឥណ្ឌាមកវិញ។

ក្រឡេកមកក្រោយបន្តិច លោក សយ សុភាព ក៏បានរំលឹកប្រវត្តិនិងភូមិសាស្ត្រ នយោបាយសម្រាប់ជាការពិចារណា ឥណ្ឌាជាប្រទេសដំបូងគេបំផុត ដែលបានប្រកាសទួលស្គាល់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្រោយមករដ្ឋកម្ពុជា។ និយាយជារួមឥណ្ឌារួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជា ពីស៊ីអត់ស៊ីឃ្លាន រហូតមកដល់ពេលនេះជា៤០ឆ្នាំហើយ។

ឥណ្ឌាមិនដែលជួបជាមួយមេដឹកនាំបក្សប្រឆាំង ក្រៅតែពីធ្វើការងារជាមួយ រដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា របស់រដ្ឋបុរសសន្តិភាព សម្តេច តេជោ ហ៊ុន សែន ទេ។

លោក សយ សុភាព ធ្លាប់បាននិយាយច្រើនដងហើយថា ឥណ្ឌានឹងមិនធ្វើការជាមួយបក្សប្រឆាំងទេ ខុសពីលោកខាងលិច។ គេទុកឥណ្ឌា ជាសន្លឹកអាត់ សម្រាប់លេងជាមួយរដ្ឋាភិបាល។ កាលពីឆ្នាំ២០១២ ឥណ្ឌាបានដើរតួនាទី ពីក្រោយឆាកបានល្អ សម្រាប់ការសម្រួលបក្សនយោបាយទាំងអស់ របស់កម្ពុជា។

លោកបញ្ជាក់ថា “កូនខ្មែរគួរស្វែងយល់ និងដឹងកិច្ចការនេះ”។

ដោយឡែកផ្អែកលើ ភូមិសាស្ត្រនយោបាយវិញ ឥណ្ឌានៅប្លុក ឥណ្ឌូ-ប៉ាស៊ីហ្វិក Quad ប្រឆាំងចិនប្រ៊ី និង សមុទ្រចិនខាងត្បូង។ ជាសត្យានុម័តឥណ្ឌា ប្រឆាំងចិន ព្រោះប្រទេសជាប់គ្នា «ចិនគាំទ្រត្រីភាគី ដឹកនាំដោយ សម្តេចព្រះបិតាជាតិ១៩៧៩-១៩៩១) ឥណ្ឌាគាំទ្ររបបសាធារណរដ្ឋ ប្រជាមានិតកម្ពុជា។

ឥឡូវនេះ ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រឆាំងចិន ហើយពួកគេបានចាត់ទុកកម្ពុជា នៅប្លុកប្រ៊ី នាំមុខដោយចិន និងទំនាក់ទំនងឈានដល់ មហាមិត្តដែកថែបកម្ពុជា-ចិន។ ដូច្នេះជាយុទ្ធសាស្ត្រ អាចថាឥណ្ឌាមិនប្រឆាំងជាមួយកម្ពុជាទេ តែប្រឆាំងចិន ដូច្នេះអ្នកនៅប្លុកប្រ៊ី ពួកគេវាយទាំងអស់ រហូតយកវេទិកាកីឡា វាយប្រហារទាំងអស់ មិនរើសមុខ ( ទូតឥណ្ឌា ប្រចាំកម្ពុជា ពន្យល់ឱ្យច្បាស់លើបញ្ហានេះ ព្រោះកម្ពុជាប្រកាន់ជំហរ អព្យាក្រិត្យ ហើយឥណ្ឌាជាមិត្ត របស់សម្តេចតេជោ ហ៊ុន សែន យូរមកហើយ)។

លោក សយ សុភាព បញ្ជាក់ថា “ឥឡូវនេះ ឥណ្ឌូ-ប៉ាស៊ីហ្វិក Quad បើកការវាយប្រហារចិន និងប្រ៊ីសម្បើមណាស់។ ដោយឡែកកម្ពុជា ពួកគេរករឿងមិនឈប់បញ្ហា ដូចជាកំពង់ផែរាម តារាសាគរ ទន្លេមេង្គ ទន្លេសាប ចោទអន្ទាក់បំណុលចិនជាដើម”។

សូមបញ្ជាក់ថា នៅក្នុងទស្សវត្តន៏ទី៦០ សម្តេចព្រះបិតាជាតិ ព្រះបាទ នរោត្តម សីហនុ ធ្លាប់ជួយផ្សះផ្សា ជម្លោះ ឥណ្ឌា-ចិន រឿង បញ្ហាព្រំដែន។

លោកថា ថ្មីៗនេះសូម្បីតែ រដ្ឋមន្ត្រីការបរទេសថ្មីអូស្ត្រាលី ក៏បានលើកបញ្ហាកំពង់ផែរាម មកសួរដេញដោល ជាមួយកម្ពុជាដែរ។ ដូច្នេះបើឥណ្ឌា យកបញ្ហាភូមិសាស្ត្រនយោបាយ មកលាយឡំ ក្នុងរឿងកីឡា វានឹងនាំទៅដល់បញ្ហា ដ៏ទៃទៀត។

លោក សយ សុភាព សង្ឃឹមថាឥណ្ឌា នឹងបញ្ជាក់ជំហរនេះ ឱ្យច្បាស់៕

To Top