ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមស្វាគមន៍ អង្គការ Cambodia Vision ដែលមានបំណងចុះព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ២០២២ នេះ បានអនុញ្ញាតឱ្យប្រតិភូរបស់អង្គការ Cambodia Vision ដឹកនាំដោយលោកស្រី យ៉ង់ ធីតា (Thida Yang) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មួយចំនួនទាក់ទង ការចុះពិនិត្យនិងព្យាបាលជម្ងឺត្រចៀក, ច្រមុះ,និងបំពង់ក ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ។

សូមបញ្ជាក់ថា អង្គការCambodia Vision គឺជាអង្គការមិនរកកម្រៃតូចមួយរបស់ប្រទេសអូស្ត្រាលី ដែលបង្កើតឡើងដើម្បីផ្ដល់ការព្យាបាល និងបង្ការភាពងងឹត និងស្ដារឡើងវិញនូវការស្ដាប់ និងនិយាយ នៅតាមតំបន់នៃប្រទេសកម្ពុជា ហើយអង្គការនេះ មានគម្រោងចុះមកពិនិត្យ និងព្យាបាលជំងឺភ្នែក ត្រចៀក ច្រមុះ និងបំពង់ក ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងប្រជាពលរដ្ឋជាប់ព្រំប្រទល់ខេត្តកំពង់ចាម ដោយឥតគិតថ្លៃ នាពេលឆាប់ៗខាងមុខ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងជំនួបដ៏ស្និតស្នាល លោក អ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងនាមប្រជាពលរដ្ឋទាំងខេត្ត បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់ថ្នាក់ដឹកនាំអង្គការ Cambodia Vision ដែលមានគោលបំណងចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម ដោយឥតគិតថ្លៃ ដែលការពិនិត្យ និងព្យាបាលផ្ដោតទៅលើជំងឺត្រចៀក ច្រមុះ និងបំពង់ក ដែលជាជំងឺពិបាកព្យាបាល និងត្រូវការចំណាយថវិកាច្រើនប្រសិនបើអ្នកជំងឺទៅព្យាបាលនៅមន្ទីរពេទ្យឯកជន។

លោកអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តកំពង់ចាម នឹងធ្វើការសហការឱ្យបានល្អប្រសើជាមួយអង្គការ Cambodia Vision ក្នុងគោលបំណងជំរុញឱ្យ បេសកកម្មខាងលើ ទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ក្នុងបុព្វហេតុដើម្បីសុខភាពប្រជាពលរដ្ឋ៕

To Top