ព័ត៌មានជាតិ

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៃកម្ពុជា កោតសរសើរក្រុមហ៊ុនចិន យកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល នៃប្រទេសកម្ពុជា បានកោតសរសើរ ដល់ក្រុមហ៊ុនចិន ដែលកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោថា ខិតខំសហការជំរុញការសាងសង់ ប្រកបដោយគុណភាព ដំណើរទៅមុខដោយរលូន ពុំមានអ្វីរាំងស្ទះ បើទោះបីជាស្ថិតក្នុងការរីករាលដាល នៃជំងឺកូវីដ ក៏ដោយ។

ក្នុងពេលអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ ពីដំណើរការសាងសង់ អាកាសយានដ្ឋាន អន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២២ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានផ្តល់កិច្ចសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មានថា ការសាងសង់ជារួម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣០ភាគរយហើយ។ បើទោះបីជាមានការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ការសាងសង់នៅតែបន្តដំណើរ ការជាប្រក្រតី ពុំមានការរាំងស្ទះទេ។

លោកបន្ថែមទៀតថា តាមគម្រោង ការសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់រួចរាល់ នៅ២០២៤ ហើយដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០២៥។ លោកបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរ កសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅខេត្តកណ្តាល ស្ថិតនៅខាងត្បូង រាជធានីភ្នំពេញមួយនេះ គឺជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ ប្រភេទ 4F អាចឲ្យយន្តហោះខ្នាតយក្ស ចុះចតបាន ជាអាកាសយានដ្ឋានប្រវត្ថិសាស្ត្រ ប្រើប្រាស់រាប់រយឆ្នាំ។

លោក ម៉ៅ ហាវណ្ណាល់ សង្ឃឹមយ៉ាងមុតមាំថា នៅពេលដាក់ឲ្យដំណើរការ អាកាសយានដ្ឋានអន្តរជាតិនេះ នឹងមានក្រុមហ៊ុនហោះហើរផ្លូវឆ្ងាយជាច្រើន ចាប់អារម្មណ៍ធ្វើការហោះហើរមកកាន់កម្ពុជា ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។ 

នៅពេលសួរពីការវាយតម្លៃ លើការសាងសង់របស់ក្រុមហ៊ុចិន ទទួលបន្ទុកសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ លោក ម៉ៅ ហាវណ្ណាល់ បានកោតសរសើរ ដល់ក្រុមហ៊ុនចិន ដែលយកចិត្តទុកខ្លាំង លើការសាងសង់ប្រកបដោយគុណភាព ក្នុងនោះ ក្រុមហ៊ុនមានការត្រួតពិនិត្យលើគុណភាព សំណង់ទាំងអស់ ច្បាស់លាស់តាមដំណាក់កាល។ ក្រុមហ៊ុនចិន ក៏មានកិច្ចសហការជាមួយមន្ត្រីជំនាញនៃស្ថាប័ននៃរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល ជួយត្រួតពិនិត្យបច្ចេកទេស នៃការសាងសង់ ព្រមទាំង ក្រុមហ៊ុនរចនាប្លង់ អង់គ្លេស ដូច្នេះ គុណភាពនៃការសាងសង់ អាកាសយានដ្ឋាននេះ គឺត្រូវតែជាលំដាប់អន្តរជាតិ។

«ជាក់ស្តែង យើងឃើញហើយថា ទាំងអ្នកសារព័ត៌មានឃើញថាតើ សកម្មភាព គុណភាព យ៉ាងម៉េច…គាត់ (ក្រុមហ៊ុនចិន) គាត់ធ្វើទាំងអស់ គឺគាត់មានលំដាប់ថ្នាក់ដឹកនាំ របស់គាត់សម្រាប់ត្រួតពិនិត្យ លើគុណភាពសំណង់ទាំងអស់» ។

គួរបញ្ជាក់ថា ក្រុមហ៊ុន China Construction Midland (CCM) បាននិងកំពុងសាងសង់ អគារចំណតអ្នកដំណើរ (Passenger Terminal Building) ដែលសម្រេចបាន ៣០ភាគរយ។ ក្រៅពីនេះ ក្រុមហ៊ុនក៏ជាអ្នកទទួលបន្ទុកសាងសង់ មជ្ឈមណ្ឌលថាមពល និង ផ្លូវរត់របស់យន្តហោះ ព្រមទាំងផ្នែកផ្សេងៗទៀត នេះបើតាម លោកឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) ដែលបានបញ្ជាក់ នាពេលនោះ។

បើតាមលោកឆារស៍ វ៉ាន់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួលអ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ហើយដំណាក់កាលទី២ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួលអ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិអោយបាន ៤៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ៕

(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top