ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ពានបាល់ទាត់ពិភពលោក មកដល់កម្ពុជានេះ ជាសក្ខីភាពបង្ហាញពិភពលោក ពីសុខសន្តិភាព ដែលប្រជាជនកម្ពុជាកំពុងរស់នៅ (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ពានបាល់ទាត់ពិភពលោក (FIFA World Cup) មកដល់កម្ពុជានាពេលនេះ ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជា បាននិងកំពុងរស់នៅ ប្រកបដោយភាពសុខដុមរមនា។

ក្នុងឱកាសទទួល និងលើកពានរង្វាន់បាល់ទាត់ពិភពលោក មកដល់កម្ពុជា ជាលើកដំបូង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបង្ហាញពីមោទកភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ ពិភពលោកដ៏មានអត្ថន័យនេះ។ សម្ដេចថា ជាការពិតពាននេះ ក៏ជានិមិត្តរូបតំណាងឲ្យមនុស្សជាតិ លើពិភពលោកទាំងមូល ព្រោះពានរង្វាន់នេះតំណាងឲ្យប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្តស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេង ដោយយុត្តិធម៌ដែលគេតែងតែ ហ្វែរ ទង់ (Fair Play) ចូលទីលានបាល់ទាត់មុន រៀងរាល់ការប្រកួតចាប់ផ្តើម។

សម្ដេចតេជោបន្ដថា បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា មានប្រជាប្រិយភាព និងពេញនិយមបំផុត លើពិភពលោកដែលមានមនុស្សប្រុស-ស្រី ប្រមាណ២៦៥លាននាក់ ជាអ្នកលេងកីឡានេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ។ សម្ដេចតេជោបន្តទៀតថា កម្ពុជា មានកីឡាករ កីឡាការិនី បានទទួលការបណ្តុះបណ្តាលជំនាញ កីឡាបាល់ទាត់តាមក្លឹបបាល់ទាត់នានា ចំនួនប្រមាណ ២ ០០០ នាក់ និងមានប្រមាណជាង ៣ ០០០ នាក់ ជាក្រុមបាល់ទាត់មហាជន លេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជា មានប្រមាណជាង ១០ ម៉ឺននាក់។

សម្ដេចតេជោបញ្ជាក់ថា «ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោក បានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ ០០០ លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា ជាមួយនឹង ជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តិការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជា ត្រៀមទទួលធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មានកម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ»។

សម្ដេចតេជោ ក៏អំពាវនាវដល់អ្នកស្នេហា វិស័យកីឡាលើពិភពលោក ចូលរួមអបអរសាទរ និងគាំទ្រ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី១របស់កម្ពុជា ដែលជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ៕

To Top