ព័ត៌មានជាតិ

កម្ពុជា អរគុណកូរ៉េ ផ្ដល់ឥណទានសម្បទាន ៥០លានដុល្លារ សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជា (Video)

ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលកូរ៉េ ផ្ដល់ឥណទានសម្បទាន ៥០លានដុល្លារ ដើម្បីលើកស្ទួយ និងស្ដារសេដ្ឋកិច្ចកម្ពុជា ក្នុងដំណាក់កាលដ៏សែនលំបាក ដោយសារផលប៉ះពាល់ នៃជំងឺកូវីដ-១៩។ នេះយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ច។

នាឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយលោកស្រី KIM Kyung Hee អគ្គនាយក ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី និងពហុភាគី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េ នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា «សូមអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉ ដែលកន្លងមកបានផ្តល់ ឥណទានសម្បទាន សម្រាប់កម្មវិធីឆ្លើយតបបន្ទាន់ ទៅនឹងជម្ងឺកូវីដ-១៩ (Program Loan for Covid-19 Emergency Response) ដែលមានទឹកប្រាក់ឥណទានចំនួន៥០លានដុល្លារ ដើម្បីលើកស្ទួយ និងស្ដារសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលដ៍សែនលំបាក ដោយសារផលប៉ះពាល់ នៃជំងឺកូវីដ-១៩»។

នាឱកាសនោះលោកស្រី KIM Kyung Hee កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងនឹង វិបត្តិជំងឺកូវីដ-១៩ ជាពិសេសបានធ្វើឲ្យកម្ពុជា ត្រឡប់មករកប្រក្រតីភាព នៃការបើកប្រទេសឡើងវិញ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះ ភាគីទាំងពីរ បានសន្យាថា នឹងបន្តពង្រឹង និងពង្រីកលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance – ODA) ទាំងក្នុងក្របខ័ណ្ឌឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ព្រមទាំងកម្មវិធីចែករំលែកចំណេះដឹង (Knowledge Sharing Program – KSP) ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public Private Partnership-PPP) និងការវិនិយោគឯកជន។

សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២២ រដ្ឋាភិបាលកូរ៉េ បានផ្តល់ហិរញ្ញប្បទាន អភិវឌ្ឍន៍ផ្លូវការ (ODA) ទឹកប្រាក់សរុបប្រមាណជាង ១,៧ ប៊ីលានដុល្លារ ក្នុងនោះ ឥណទានសម្បទានមានទឹកប្រាក់ប្រមាណ ១,៣ ប៊ីលានដុល្លារ និងហិរញ្ញប្បទានឥតសំណងមានទឹកប្រមាណជាង ៤៥៥ លានដុល្លារ៕

To Top