នយោបាយ

ទស្សនៈនិងមតិ៖កម្ពុជាជារដ្ឋឯករាជ្យ តើជារឿងត្រឹមត្រូវឬទេបើឱ្យបរទេស មកដឹកច្រមុះឬបោកប្រាស់ ក្រោមរូបភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ?

នៅក្នុងរដ្ឋដែលមានអធិបតេយ្យភាពពេញលេញ រាល់ការសម្រេចចិត្ដគឺផ្អែកលើផលប្រយោជន៍ជាតិ និងផលប្រយោជន៍ប្រជាជនជាធំ ហើយក៏ត្រូវផ្អែកលើច្បាប់ជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសនោះផងដែរ។ នៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នា ប៉ុន្ដែការសម្រេចចិត្ដរបស់កម្ពុជាមួយចំនួន ពិសេសគឺពាក់ព័ន្ធនឹងការអនុវត្ដច្បាប់ទៅលើក្រុមមាននិន្នាការប្រឆាំង តែងតែត្រូវបានបរទេសខ្លះ ពិសេសលោកខាងលិច ចាត់ទុកជារឿងអយុត្ដិធម៌ និងរំលោភលើសិទ្ធិមនុស្ស។

ថ្មីៗនេះក៏កើតមានបន្ដទៀត នូវការចោទប្រកាន់ថាតុលាការកម្ពុជាកាត់ទោសស្ដ្រីជាមេធាវីខ្មែរអាមេរិកាំងម្នាក់ឈ្មោះសេង ធារី ជារឿងអយុត្ដិធម៌។

គួររំលេចឱ្យដឹងថា តុលាការក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានសម្រេចចេញសាលក្រមផ្ដន្ទាទោសស្ដ្រីឈ្មោះសេង ធារី ជាមេធាវីខ្មែរអាមេរិកាំងដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទ “រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម”។ ក្រោយប្រកាសសាលក្រម ដីកាចាប់ខ្លួនក៏បានចេញក្នុងថ្ងៃដដែលដើម្បីនាំខ្លួននាងសេង ធារីទៅអនុវត្ដទោសភ្លាមៗ។

នាងសេង ធារីដែលគេស្គាល់ថាជាសកម្មជនសិទ្ធិមនុស្សមួយរូបផងនោះ ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់កាលពីឆ្នាំ២០២០ ដោយសារតែការបង្ហោះសារគាំទ្រផែនការមាតុភូមិនិវត្ដន៍របស់លោកសម រង្ស៊ីក្នុងឆ្នាំ២០១៩។ សវនាការលើសំណុំរឿងនាងសេង ធារី បានចាប់ផ្តើមកាលពីដើមខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីអាក់ខានអស់រយៈពេលជាងមួយឆ្នាំ ហើយគិតត្រឹមថ្ងៃចាប់ខ្លួននេះតុលាការជំនុំជម្រះចំនួន១១លើករួចមកហើយ។

ក្រៅពីនាងសេង ធារី តុលាការក្រុងភ្នំពេញក៏បានប្រកាសសាលក្រមនៅថ្ងៃទី១៤ មិថុនា ផ្ដន្ទាទោសថ្នាក់ដឹកនាំនិងសកម្មជនអតីតបក្សសង្គ្រោះជាតិប្រមាណជា៦០នាក់ទៀត ដែលក្នុងនោះរួមមានលោកសម រង្ស៊ីផងដែរ ឱ្យជាប់ពន្ធនាគារចន្លោះពី៥ទៅ៨ឆ្នាំ ប៉ុន្ដែអ្នកជាប់ទោស៥ឆ្នាំត្រូវបានព្យួរដោយមិនមានការអនុវត្ដទេ។

មេធាវីការពារក្ដីឱ្យនាង សេង ធារី លោកជួង ជូងី បានចាត់ទុកការសម្រេចរបស់តុលាការ គឺជារឿងមិនត្រឹមត្រូវ និងមានភាពអយុត្ដិធម៌ ដោយអះអាងថាកូនក្ដីរបស់លោកពុំបានប្រព្រឹត្ដបទល្មើសដូចការចោទប្រកាន់នោះឡើយ។

ការអំពាវនាវឱ្យដោះលែងនាងសេង ធារីក៏បានចេញបន្ដកន្ទុយគ្នា ជាក់ស្ដែងស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារខ្លីមួយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការកាត់ទោសមិនថាតែទៅលើនាងសេង ធារីឬក៏ទៅលើក្រុមប្រឆាំងនោះទេ គឺជាសាលក្រមអយុត្ដិធម៌បង្កឱ្យមានក្ដីបារម្ភខ្លាំង។ ស្ថានទូតបន្ដថា សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយការអត់ឱនចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏សំខាន់បំផុតនៃលទ្ធិប្រជាធិបតេយ្យ ដូច្នេះសូមអំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងពួកគេពីការដាក់ពន្ធនាគារដ៏អយុត្ដិធម៌។

ដំណាលគ្នា អង្គការឃ្លាំមើលសិទ្ធិមនុស្ស(Human Right Watch) និងអ្នកច្បាប់អន្ដរជាតិមួយចំនួនទៀត ក៏បានបញ្ចេញប្រតិកម្មទៅនឹងការផ្ដន្ទាទោសលើនាងសេង ធារីដូចគ្នា ព្រមទាំងចាត់ទុកជាការផ្ដន្ទាទោសដែលមានលក្ខណៈនយោបាយ។

តើការសម្រេចសាលក្រមរបស់តុលាការក្រុងភ្នំពេញ ពិតជារឿងអយុត្ដិធម៌សម្រាប់នាងសេង ធារីមែន?

មែនទែនទៅ តុលាការបានបញ្ជាក់រួចហើយ គឺដោយសារតែនាង សេងធារីបានប្រព្រឹត្ដបទល្មើស។ ចំពោះចំណាត់ការផ្លូវច្បាប់លើសកម្មជនសិទ្ធិមនុស្ស ឬក៏អ្នកនយោបាយក្រុមប្រឆាំងនៅកម្ពុជាកន្លងមក ដូចបានលើកឡើងខាងដើមហើយថា មិនមែនជាលើកទីមួយដែរដែលអន្ដរជាតិ ពិសេសក្រុមប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកជាដើមតែងចេញប្រតិកម្មមិនពេញចិត្ដ និងចាត់ទុកការអនុវត្ដច្បាប់របស់កម្ពុជាមិនយុត្ដិធម៌។

ប៉ុន្ដែបើតាមការសង្កេត ប្រតិកម្មរបស់បរទេសទាំងនោះច្រើនតែផ្ទុយពីការពិត និងពុំមានការសិក្សាច្បាស់លាស់ពីដើមចម។ មន្ដ្រីជាអ្នកច្បាប់កម្ពុជាធ្លាប់លើកឡើងថា បរទេសទាំងនោះដាក់ការចោទប្រកាន់លើកម្ពុជាដោយគ្មានមូលដ្ឋាន និងដើម្បីគ្រាន់តែបម្រើផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះ។

រឿងក្ដីក្ដាំរបស់នាងសេង ធារី បើមើលតែម្ខាងច្បាស់ជាចាត់ទុកថាតុលាការអនុវត្ដមិនត្រឹមត្រូវ ប៉ុន្ដែបើមើលទៅជ្រុងម្ខាងទៀត ក៏មានប្រជាពលរដ្ឋខ្មែរមិនតិចនាក់ទេដែលគាំទ្រចំណាត់ការរបស់តុលាការបែបនេះ។ ជាក់ស្ដែងពលរដ្ឋអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានបញ្ចេញមតិយោបល់គាំទ្រយ៉ាងព្រោងព្រាត ក្រោយពីតុលាការសម្រេចសាលក្រមផ្ដន្ទាទោសនាងសេង ធារី។ ប្រជាពលរដ្ឋមួយចំនួនចាត់ទុកទង្វើរបស់ស្ដ្រីរូបនេះនាពេលកន្លងមកដែលតុបតែងខ្លួនប្លែកៗ ថាបានធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរទូទាំងប្រទេស។ កន្លងមកនាងសេង ធារីធ្លាប់បានកោរសក់ ស្លៀកសម្លៀកបំពាក់អប្សរាដើរេរាំតាមថ្នល់ និយាយឬធ្វើឫកដែលមហាជនចាត់ទុកថាមិនសមជានារីខ្មែរ ដែលត្រូវអ្នកលេងបណ្ដាញសង្គមរិះគន់យ៉ាងចាស់ដៃ។

អ្នកខ្លះថា នាងសេង ធារីបាយផ្ទះមិនឆ្ងាញ់ ឆ្ងាញ់តែបាយគុក, ខ្លះថាចាប់ឱ្យស្រឡះទៅពុលសង្គមណាស់, និងមានការស្នើថាគួរតែដាក់ពន្ធនាគារដល់១០ឆ្នាំ ហើយគួរតែអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនស្ត្រីឈ្មោះសេង ធារីនេះជាយូរមកហើយ មិនគួរណាបណ្តោយឱ្យបុគ្គលនេះធ្វើព្យុះភ្លៀងតាមអំពើចិត្តហាក់បីដូចជាប្រទេសកម្ពុជាគ្មានច្បាប់ទម្លាប់នោះទេ។ មហាជនខ្លះទៀតប្រើសម្ដីធ្ងន់ៗថា នាងត្រង៉ោលនេះពូកែលាបពណ៌ណាស់មកលើរាជរដ្ឋាភិបាលកម្ពុជាគ្រប់រឿង ជាប់ពន្ធនាគារអ៊ីចឹងសមមុខហើយ។

បើតាមព័ត៌មានលេចធ្លាយមួយចំនួនឱ្យដឹងដែរថា ស្ត្រីឈ្មោះ សេង ធារី ជាប្អូនស្រីរបស់លោក សេង ម៉ារឌី ជាអតីតសមាជិកព្រឹទ្ធសភាអតីតគណបក្សសម រង្ស៊ី។ ហេតុនេះចង់ឬមិនចង់ ពិតជាមិនអាចហាមមិនឱ្យមហាជនសង្ស័យបានឡើយថា សកម្មភាពរបស់នាងអាចមាននរណានៅពីក្រោយឱ្យពិតប្រាកដ ខណៈបទចោទប្រកាន់លើរូបនាងមានពាក់ព័ន្ធការគាំទ្រផែនការធ្វើមាតុភូមិនិវត្ដន៍របស់លោកសម រង្ស៊ីផងនោះ។ មហាជនមួយចំនួនលើកឡើងថា អ្វីដែលសកម្មជនសិទ្ធិមនុស្សរូបនេះធ្វើ គ្រាន់តែជាការសម្ដែងប៉ុណ្ណោះដើម្បីទាក់ទាញការចាប់អារម្មណ៍ ឱ្យគេគិតថាខ្លួនពិតជាជនរងគ្រោះមែន តែតាមពិតនេះគ្រាន់តែជាល្បិចកល។ ការណ៍នេះរំលេចឱ្យឃើញកាន់តែច្បាស់ថា អ្នកដែលមានចេតនាបំពុលសង្គម បង្កភាពវឹកវរបាត់បង់សណ្ដាប់ធ្នាប់ មិនអាចរួចពីសំណាញ់ច្បាប់បានឡើយ។

បើតាមលោកជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា នៅកម្ពុជាគ្មានការចាប់ខ្លួនក្រុមដែលមាននិន្នាការប្រឆាំងនោះទេ គឺចាប់តែអ្នកដែលប្រព្រឹត្ដខុសច្បាប់ប៉ុណ្ណោះ។ លោកថារាល់អ្នកដែលត្រូវបានចាប់ខ្លួន សុទ្ធសឹងជាអ្នកធ្វើសកម្មភាពមិនស្របច្បាប់ទាំងអស់ ទើបបានជាមានការចាប់ខ្លួន ហើយប្រទេសណាក៏គេធ្វើដូច្នេះដែរ។ ហេតុនេះមិនសំខាន់ថាអ្នកបញ្ចេញមតិប្រឆាំងឬមិនប្រឆាំង ឬក៏អនុវត្ដសិទ្ធិសេរីភាពនយោបាយអ្វីនោះទេ បើធ្វើឡើងស្របតាមនីតិវិធីច្បាប់ជាធរមានពុំមានការឃាត់ខ្លួននោះទេ។ ផ្ទុយទៅវិញអ្នកដែលអនុវត្ដសិទ្ធិសេរីភាពហួសព្រំដែន រំលោភបំពានច្បាប់ ប៉ះពាល់សន្ដិសុខសណ្ដាប់សង្គម ហើយបង្កើតបទល្មើស អ្នកទាំងនោះនឹងត្រូវប្រឈមមុខច្បាប់ជាធរមាន។

សរុបមក កម្ពុជាជាប្រទេសមានច្បាប់ទម្លាប់ត្រឹមត្រូវ មិនអាចឱ្យជនបំពុលសង្គម ជាពិសេសជនដែលជាអាយ៉ងបរទេសណាមួយមកបង្កព្យុះភ្លៀងបានដាច់ខាត។ កម្ពុជាជាប្រទេសដែលឯករាជ្យ មានអធិបតេយ្យរបស់ខ្លួន រាល់ការសម្រេចចិត្ដគឺផ្អែកទៅលើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ មិនអាចទទួលយកការលាបពណ៌ណាមួយរបស់បរទេសឡើយ។ ប្រវត្ដិសាស្ដ្របានបង្រៀនឱ្យកម្ពុជាបានជួប  និងបានហែលឆ្លងកាត់ភ្លើងសង្គ្រាមសមល្មមគ្រប់គ្រាន់ ហេតុនេះក៏មិនបណ្ដោយឱ្យបរទេសមកប្រើកលល្បិចបំផ្លាញសុខសន្ដិភាពដែលខិតខំរកយ៉ាងលំបាកតាមតែអំពើចិត្ដរបស់ពួកគេនោះដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ធ្លាប់បានលើកឡើងដាច់ណាត់កន្លងមកថា ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាមិនអាចយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះឡើយ។ កម្ពុជារឹងរឹតតែមិនឱ្យបរទេស បោកប្រាក់តាមរយៈរូបភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលសម្ដែងដោយជនមួយក្ដាប់តូចស៊ីឈ្នួលឱ្យបរទេសទៀតនោះដែរ។  ជាងនេះទៅទៀត លោកនាយករដ្ឋមន្ដ្រីបញ្ជាក់ជំហរថា លោកមិនឱ្យនរណាមកដឹកច្រមុះកម្ពុជា  ហើយវាគ្មានតម្លៃទេនិងជារឿងថោកទាបទៀតផង ប្រសិនបើច្បាប់របស់កម្ពុជាមិនអាចអនុវត្តបាន ហើយតម្រូវឱ្យធ្វើទៅតាមការបង្ខិតបង្ខំរបស់អ្នកដទៃ។ បើដូច្នេះ តើកម្ពុជាសមជាប្រទេសមានឯករាជ្យភាពនិងអធិបតេយ្យភាពឬទេ?

To Top