ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យដំណើរ ការសាងសង់វិមានឯករាជ្យ និងអគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២នេះ បានដឹកនាំក្រុមការងារមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យនិងពន្លឿនដំណើរការសាងសង់វិមានឯករាជ្យ និងអាគារស្នាក់ការ ស.ស.យ.ក ខេត្តកំពង់ចាម ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា វិមានឯករាជ្យ ដែលស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាមបានចាប់ដំណើការសាងសង់ កាលពីថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២១ ។ ការសង់សង់រហូតមកដល់ពេលនេះ គឺសម្រេចបានលទ្ធផល ប្រមាណជា ៦០% ។ ជាមួយគ្នានេះអភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានពន្លឿនក្រុមបច្ចេកទេសសាងសង់ ធ្វើយ៉ាងណាឱ្យរួចរាល់ជាស្ថាពរ នឹងដាក់សម្ពោធ នៅថ្ងៃបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ។

ផ្ទាំងពាណិជ្ជកម្ម

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់ប្រាប់ឲ្យដឹងថា ការរៀបចំសាងសង់វិមានឯករាជ្យ ខេត្តកំពង់ចាមនេះ ដើម្បីជាកន្លែងប្រារព្ធពិធីរំលឹក ខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិ និងជាការរំលេចនូវស្នាដៃជាប្រវត្តិសាស្រ្ត នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូជនីយកិច្ច ពីសំណាក់ព្រះបរមរតនកោដ្ឋ បានទាមទារឯករាជ្យពីអាណានិគមបារាំង និងបន្សល់ទុកស្នាដៃជាប្រវត្តិសាស្រ្ត ដល់ប្រជាពលរដ្ឋរបស់យើង និងកូនចៅជំនាន់ក្រោយ ។

លោកធ្លាប់បានបញ្ជាក់ថា សំណង់វិមានឯករាជ្យមួយនេះ ក៏ជាការចូលរួមចំណែក លើកកម្ពស់សោភ័ណភាពក្នុងក្រុងកំពង់ចាម មួយផ្នែកធំផងដែរ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅពេលដែលមកកំសាន្តនៅខេត្តកំពង់ចាម ពួកគាត់អាចមក ទស្សនាវិមានឯករាជ្យ ដែលមានលម្អទៅដោយសួនច្បារ លើកកម្ពស់សោភ័ណភាព នឹងក៏សម្រាប់ឈានទៅប្រលងត្រណាំង ទីក្រុងស្អាត នាពេលខាងមុខផងដែរ ៕

To Top