ព័ត៌មានជាតិ

សម្ដេចតេជោរំលឹកថា បើគ្មានការជួយជ្រោមជ្រែង ពីវៀតណាម ជីវិតសម្តេចប្រហែលជាស្លាប់,កម្ពុជាអាចស្ថិតក្នុងភាពមិនច្បាស់លាស់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការរំលឹកកាលពី៤៥ឆ្នាំមុន ពោរក្នុងសម័យ របបប្រល័យពូជសាសន៍ ប៉ុល ពតថា បើគ្មានការអនុគ្រោះ និងជួយជ្រោមជ្រែង ពីប្រជាជនវៀតណាមនោះទេ ជីវិតសម្ដេចប្រហែលជាស្លាប់ ហើយប្រទេសកម្ពុជាអាចស្ថិតក្នុងភាពមិនច្បាស់លាស់រហូតមកទល់បច្ចុប្បន្ន ។

នាឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធា តេជោកោះថ្ម X 16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាជនវៀតណាម ដែលបានជួយសម្ដេច ក្នុងសម័យរបប ប្រល័យពូជសាសន៍ ប៉ុល ពត។

សម្ដេចតេជោមានប្រសាសន៍ថា «បើគ្មានការអនុគ្រោះ ជួយជ្រោមជ្រែងអំពីអស់លោកអ្នកកាលពេលនោះ ជីវិតរបស់ខ្ញុំ ប្រហែលជាស្លាប់ ប្រទេសកម្ពុជាអាចស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នោះទេ។ ខ្ញុំ សង្ឃឹមតិចតួច ណាស់ជាមួយជីវិតរបស់ខ្ញុំ ។ កាលពេលនោះ វាជាការប្រថុយប្រថានមួយដែលយកជីវិតធ្វើដើមទុន»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា ទោះបីជីវិត សម្ដេចផុយស្រួល តែបែរជាធានារ៉ាប់រងឡើងវិញ នូវការគោរពដល់សិទ្ធិ ក្នុងឋានៈជាអ្នកភៀសខ្លួន បន្ទាប់ទៅត្រូវបានបក្សរដ្ឋាភិបាលវៀតណាម ជួយកសាងកម្លាំងប្រដាប់អាវុធ ដើម្បីសម្ដេច មានលទ្ធភាពរំដោះប្រជាជន។

សម្ដេចតេជោ រំលឹកបន្ថែមថា សម្ដេចទទួលទានអាហារជាលើកដំបូង បន្ទាប់ពីអត់ឃ្លានអស់រយៈពេលជាង១ឆ្នាំ តម្លៃអាហារមួយពេលនោះ ស្មើនឹងអង្ករពេលនេះរាប់ម៉ឺន រាប់សែន រាប់លានតោន ទៅទៀត នោះគឺជាតម្លៃមិន អាចកាត់ថ្លៃបាន ហើយតម្លៃសម្រាប់ការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ។

គួររំលឹកថា នៅថ្ងៃ២០ មិថុនា នេះគឺជាខួបគម្រប់៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់ សម្តេច តេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់ សម្លាប់របស់ ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលសមមិត្ត ហ៊ុន សែន ក្នុងវ័យ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង ទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុង ផ្ទៃជាទីស្រឡាញ់ ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត៕

To Top