ព័ត៌មានជាតិ

សម្ដេចតេជោ អះអាងថា វៀតណាម ដកទ័ពចេញពីកម្ពុជាទាំងស្រុង មុន២ឆ្នាំនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា វៀតណាមបានដកកងទ័ពរបស់ខ្លួនចេញពីទឹកដីកម្ពុជា មុន២ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។

ការចេញមុខអះអាងនេះ បន្ទាប់ពីមានអ្នកនយោបាយប្រឆាំងមួយចំនួន បាននិងកំពុងបន្តវាយប្រហារលើគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចបច្ចុប្បន្ន ដោយផ្សារភ្ជាប់ទៅនឹងទំនាក់ទំនងជាមួយវៀតណាម និងបានបកស្រាយថា ដោយសារមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបវៀតណាមដកទ័ពពីកម្ពុជា។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងចេញពីទឹកដីនៃព្រំដែនកម្ពុជា-វៀតណាម សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “វៀតណាម មិនមែនដកកងទ័ពចេញពីកម្ពុជា ក្រោយកិច្ចព្រមព្រៀងប៉ារីសនោះទេ វៀតណាមបានដកចេញទាំងស្រុងពីកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៨៩ គឺជាង២ឆ្នាំមុននៃកិច្ចព្រមព្រៀងប៉ារីស”។

សម្ដេចតេជោ អះអាងថា ការលើកឡើងរបស់មនុស្សមួយចំនួនដែលបានលើកឡើងថា ដោយសារតែកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានជាវៀតណាមដកកងទ័ពចេញពីកម្ពុជានេះ គឺជាការផ្ទុយស្រលះ ជាមួយនឹងសភាពការណ៍ជាក់ស្ដែង ដែលបានកើតនៅក្នុងទឹកដីកម្ពុជា ៕

To Top