ព័ត៌មានជាតិ

ក្រោយការប្តេជ្ញាដ៏មោះមុតរបស់ លោក គួច ចំរើន, តុលាការឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការជួញដូរអាវុធ និង គ្រឿងបំផ្ទុះ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ បុរសរកស៊ីលក់ដូរអាវុធ និងគ្រឿងបំផ្ទុះម្នាក់ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២២នេះ សម្រេចឃុំនៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីចាត់ការ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ ជួញដូរអាវុធ និង គ្រឿងបំផ្ទុះ ដោយគ្មានការអនុញាត្តិ ប្រព្រឹត្តនៅខេត្តព្រះសីហនុ និងខេត្ដកណ្ដាល។

សមត្ថកិច្ចនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនត្រូវចោទរូបនេះ មានឈ្មោះ យិន ថារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងដែក មានទីលំនៅក្នុងបូរីទួលសង្កែ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្ដកណ្ដាល។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដាក់ការប្តេជ្ញាចិត្ត បង្រ្កាបឲ្យខាងតែបាន នូវសកម្មភាពជួញដូរអាវុធ ក្នុងខេត្តនេះ ។

ជនត្រូវចោទ ឈ្មោះ យិន ថារ៉ា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ : ជួញដូរអាវុធ និង គ្រឿងបំផ្ទុះ ដោយគ្មានការអនុញាត្តិ និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងខេត្តព្រះសីហនុ ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចនគរបាលរឹបអូសបាន វត្ថុតាំងមាន: អាវុធចំនួន៣ដើម រួមមាន អាវុធខ្លីម៉ាកGlook19 លេខBPRV205 មួយដើម, អាវុធខ្លីម៉ាកGlook លេខEVO403 និង អាវុធវែងម៉ាក CZ SCORPION EVO3A1 ចំនួន១ ដើម។ បំពង់ខ្ទប់សម្លេង ចំនួន១០ , គ្រាប់អាវុធខ្លីប្រភេទ9mm ចំនួន៤២៦គ្រាប់ ,បង់ចំនួន៦ , ខ្លីចំនួន ៤ និង សំភារ:ជួសជុល អាវុធមួយចំនួនផ្សេងទៀ ៕

ដោយ: លីហ្សា

To Top