“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។
នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។
ការប្រតិកម្មដាក់គ្នារវាងគណបក្សនយោបាយ គឺបក្សភ្លើងទៀនដែលគេចាត់ទុកថាជាបក្សប្រឆាំងធំជាងគេនៅកម្ពុជាបច្ចុប្បន្ន តាមរយៈលោកសុន ឆ័យជាអនុប្រធានបក្សនេះ បានធ្វើអត្ថាធិប្បាយលើប្រព័ន្ធផ្សព្វផ្សាយថា “…លើកនេះវាគ្រប់គ្រងដោយគណបក្សមួយទាំងស្រុង ពីលើដល់ក្រោម គេចង់ធ្វើអ្វីក៏បានដែរ…, លទ្ធផលហ្នឹង វាមិនឆ្លុះពីឆន្ទៈរបស់ពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បានវាសល់ប៉ុណ្ណឹង…”។

ការលើកឡើងរបស់លោកសុន ឆ័យដូច្នេះ ក៏ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ទុកជាអំពើទុច្ចរិត បំភ្លៃខុសការពិត ជាការផ្ដល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុសនិងមូលបង្កាច់នាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្ដិយសរបស់គណបក្សប្រជាជនកម្ពុជា។ ដូច្នេះតាមរយៈមេធាវីរបស់ខ្លួន គណបក្សកាន់អំណាចមួយនេះក៏សម្រេចប្ដឹងលោកសុន ឆ័យអនុប្រធានបក្សភ្លើងទៀន ដោយស្នើសុំឱ្យព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពិនិត្យចោទប្រកាន់ និងផ្ដន្ទាទោសលើលោកសុន ឆ័យតាមច្បាប់ ព្រមទាំងទាមទារសំណងជំងឺចិត្ដនៃការខូចខាតជូនគណបក្សប្រជាជនចំនួន៤ពាន់លានរៀល ស្នើនឹង១លានដុល្លារ។
ជុំវិញការលើកឡើងរបស់អនុប្រធានបក្សភ្លើងទៀននេះទៀតសោត ក៏ត្រូវបានប្រធានបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ដ្រីហ៊ុន សែនប្រតិកម្មយ៉ាងខ្លាំងដែរ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សសាលាភូមិន្ទរដ្ឋបាលកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ដ្រីលើកឡើងថា “អ្នកខ្លះនិយាយថាជំទាស់លទ្ធផល ប៉ុន្តែទទួលយកកៅអីដោយសារសល់ពីគេលួច។ អ៊ីចឹងអ្នកចង់និយាយចោទថា អ្នកណាលួច សូមជួយបង្រៀនផង ថាតើគេលួចបែបម៉េច? ខ្ញុំសូមឱ្យអ្នកដែលថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាអ្នកលួច ឬគណបក្សជាអ្នកលួច”។ ប្រធានគណបក្សកាន់អំណាចថែមទាំងបានបបួលអ្នកចោទថាមានការលួចសន្លឹកឆ្នោតស្បថស្បែផងដែរ ព្រោះលោកថាការបោះឆ្នោតទើបបញ្ចប់នេះគ.ជ.បរៀបចំបានយ៉ាងល្អប្រសើរ និងចាត់ទុកការរបូតកៅអីក្រុមប្រឹក្សាឃុំ/សង្កាត់មួយចំនួនទៅគណបក្សប្រឆាំង គឺជាដំណើរប្រជាធិបតេយ្យ តែបែរជាមានអ្នកចោទប្រកាន់ថាមានភាពមិនប្រក្រតីទៅវិញ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា គ.ជ.បឯណោះក៏ដាក់ពាក្យប្ដឹងលោកសុន ឆ័យមួយជាន់ទៀតកាលពីថ្ងៃទី១៧មិថុនា។ នៅក្នុងពាក្យបណ្ដឹងដាក់ចូលទៅកាន់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរៀបរាប់ពីអង្គហេតុថា ក្នុងពេលសម្ភាសជាមួយសារព័ត៌មានCambodia Daily នៅនាទី ១០:២៣ ដល់នាទី ១០:៣១ ឈ្មោះ សុន ឆ័យ បានឆ្លើយតបទៅនឹងសំណួររបស់ឈ្មោះ តាំង សារ៉ាដា ដោយមានខ្លឹមសារថា “..លទ្ធផលនេះ មិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង…”។
នៅនាទី ១៣:២៤ ដល់ ១៣:៣៣ “…យើងមិនចង់ប្រៀបធៀបដូចចោរលួចគោទេ ដូចយើងនិយាយអ៊ីចឹង ចោរលួចគោ បើវាលួចគោ ៣ ហើយ យើងម៉េចមិនឱ្យវាលួចទាំង៥ទៅ។ ហើយនៅនាទី ១៤:២២ ដល់នាទី ១៤:៥៥ ឈ្មោះ សុន ឆ័យ បានបន្តថា “…មិនមែនដោយសារគណបក្សប្រឆាំងឡាំប៉ានោះទេ ចេះនិយាយនោះទេ គេមានបច្ចេកទេស គេមានភ័ស្តុតាង គេមានប្រធានភូមិនៅណា កត់អ្វីខ្លះ ទាហាននៅត្រង់ណា ក្បែរកន្លែងបោះឆ្នោតហ្នឹងយកទាហានឱ្យដើរគគ្រឹកគគ្រេង ទាំងយប់នឹង ធ្វើអ្វីខ្លះនឹង ស្អីៗនឹងគេដឹង ដូច្នេះខ្ញុំថា វាអត់ត្រឹមត្រូវ អត់យុត្តិធម៌ គ.ជ.ប មិនឯករាជ្យ ហើយលទ្ធផលវាមិនឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាពលរដ្ឋពិតប្រាកដទេ។”
តាមរយៈការលើកឡើងដូច្នេះ គ.ជ.ប យល់ឃើញថា ពិតជាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នគ.ជ.ប ដែលត្រូវបំពេញកិច្ចការងារដោយឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្ដទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហេតុនេះហើយ គ.ជ.ប បានសម្រេចដាក់ពាក្យប្ដឹងលោកសុន ឆ័យ ពីបទបរិហារកេរ្ដិ៍ជាសាធារណៈ តាមបញ្ញត្ដិមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា និងស្នើធ្វើលិខិតសុំទោសគ.ជ.បជាលាយលក្ខណ៍អក្សរ និងផ្សព្វផ្សាយជាសាធារណៈ។ គួរឱ្យដឹងថា មុនឈានដល់ការប្ដឹងនេះ គ.ជ.ប ធ្លាប់បានចេញលិខិតព្រមានមួយដល់លោកសុន ឆ័យផងដែរកាលពីថ្ងៃទី១៣មិថុនា។

ជារួម អ្វីដែលបានលើកឡើងនេះ គ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ ដើម្បីឱ្យអ្នកនយោបាយត្រូវគិតពិចារណាឱ្យបានហ្មត់ចត់ ចៀសវាងការនិយាយស្ដីដែលបង្កទៅជាកំហុស ឬក្លាយជាទៅជាការចោទប្រកាន់គ្នាទៅវិញទៅមក ធ្វើឱ្យម្នាក់ៗជាប់ទោសទណ្ឌ បង្កជារូបភាពអវិជ្ជមានទាំងនៅក្នុងស្រុក ពិសេសទៅដល់ឆាកអន្ដរជាតិ។ ជាការពិតណាស់ តែកាលណាផ្ទៃក្នុងមានបញ្ហាហើយបរទេសនឹងមិនឱ្យតម្លៃនោះទេ ហើយមួយវិញទៀត បើបរទេសមាននិន្នាការគាំទ្រក្រុមប្រឆាំង រឹងរិតតែធ្វើឱ្យភាគីរដ្ឋាភិបាលប្រឈមនឹងការរងសម្ពាធ ព្រោះជាបទពិសោធន៍អន្ដរជាតិដែលនៅខាងក្រុមប្រឆាំង តែងតែរកលេសដាក់សម្ពាធមកលើរដ្ឋាភិបាលខ្មែរ ដោយលើកហេតុផលពីមួយទៅមួយ។

វិវាទនយោបាយ ក៏ជាមេរោគស៊ីរូងផ្ទៃក្នុងបានផងដែរប្រសិនបើមិនព្យាបាលឱ្យបានទាន់ពេល ហេតុនេះអ្នកនយោបាយខ្មែរគប្បីបើកចិត្ដទូលាយប្រកួតប្រជែងដោយមានភាពស្មើគ្នាក្នុងសង្វៀននយោបាយ បើចាញ់ដឹងចាញ់ បើឈ្នះដឹងឈ្នះ កុំព្យាយាមលាបពណ៌ ឬលើកហេតុផលចោទដាក់គ្នាទៅវិញទៅមក ធ្វើឱ្យម្ចាស់ឆ្នោតអស់សង្ឃឹម និងបាត់បង់ទំនុកចិត្ដ។ កម្ពុជាធ្លាប់មានជម្លោះផ្ទៃក្នុងគ្រប់គ្រាន់ដែលអាចឱ្យអ្នកនយោបាយ ទាំងជើងចាស់ ជើងថ្មីសិក្សារៀនសូត្រ កុំនាំគ្នាហែកទ្រូកឱ្យក្អែកចឹក។ សរុបមក អ្នកនយោបាយខ្មែរមិនគួរព្រងើយកន្តើយចំពោះការពិត និងផ្សព្វផ្សាយ “មេរោគនយោបាយ”នោះទេ ខណៈដែលកម្ពុជាកំពុងរស់នៅក្នុងសុខសន្ដិភាព ដែលខិតខំស្វែងរកមកយ៉ាងលំបាកលំបិនទម្រាំបានដូចសព្វថ្ងៃ៕

