ព័ត៌មានជាតិ

គម្រោងសាងសង់ ផ្លូវជាតិលេខ៧១C សម្រេចលទ្ធផលបាន ៣៧%

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៧១C ចាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតដល់ស្រុកចំការលើ ខេត្តកំពង់ចាម ប្រវែងសរុប ១១៤,៦២គីឡូម៉ែត្រ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៣៧%ហើយ ។

នាថ្ងៃទី២០ មិថុនា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ដោយមានការចូលរួមពីមន្ត្រីជំនាញបច្ចេកទេស តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេស អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីលក្ខណៈបច្ចេកទេស នៃការសាងសង់ផ្លូវនេះ រួមមាន៖ ការសិក្សាលម្អិតលើស្ថានភាពភូមិសាស្ត្រ, ការលើកម្ពស់តួផ្លូវឲ្យផុតពីទឹកនៅរដូវវស្សាពេលមានទឹកជំនន់ធំ, ការសាងសង់ស្ពានបើកមុខទឹកប្រវែង៤០០ ម៉ែត្រការពារទឹកហូរបុកដាច់ផ្លូវ និងគ្រឹះផ្លូវ នៅទីប្រជុំជនមានការជីកប្រឡាយទឹក និងដាក់លូបង្ហូរទឹក ដើម្បីជាមូលដ្ឋានជាក់ស្ដែងក្នុងការធានាឲ្យ គុណភាពផ្លូវមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង។

លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើឲ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសសាងសង់ យកចិត្តទុកដាក់សាងសង់ដោយឈរលើ គោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឲ្យបានជាប្រចាំ ដើម្បីកុំឲ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពលរដ្ឋដែលរស់នៅ តាមបណ្ដោយផ្លូវនោះ។

គួរកត់សម្គាល់ថា ផ្លូវជាតិលេខ៧១C គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

លើសពីនេះ គម្រោងផ្លូវ៧១C នេះ គ្រោងបញ្ចប់ការសាងសង់ នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ សាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ាន អាន គ្រោងចំណាយថវិកាសាងសង់ប្រមាណ ១២៩,៩៨លានដុល្លារអាមេរិក៕

To Top