ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ប្ដេជ្ញាស្វែងរកដំណោះស្រាយ ចំណុចបន្ទាត់ព្រំដែន ដើម្បីបញ្ចប់ការងារ បោះបង្គោលព្រំដែនឲ្យបានឆាប់ (Video)

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម បានប្ដេជ្ញាស្វែងរកដំណោះស្រាយ នៅចំណុចបន្ទាត់ព្រំដែន ដែលនៅសេសសល់ ដើម្បីបញ្ចប់ការងារបោះបង្គោល ព្រំដែនឲ្យបានឆាប់។ នេះយោងតាមការចេញផ្សាយ អគ្គស្នងការនគរបាលជាតិ។

នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងាររវាង នាយឧត្តមសេនីយ៍ នេត សាវឿន និងឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង នាថ្ងៃ២១ មិថុនា ភាគីទាំងពីរ បានឯកភាពគ្នាថា កងកម្លាំងមានសមត្ថកិច្ចនៃប្រទេសទាំងពីរ បន្តត្រូវពង្រឹងការផ្លាស់ប្តូរព័ត៌មានសន្តិសុខ ដើម្បីការពារខឿនសន្តិសុខជាតិ នៃប្រទេសនីមួយៗ និងក្នុងតំបន់ ពិសេសរក្សាសាមគ្គីភាព និងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កម្ពុជា។

លើសពីនេះ ភាគីទាំងពីរក៏ពង្រឹងកិច្ចសហការធានារក្សាសន្តិសុខ សុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍នយោបាយសំខាន់ៗ របស់ប្រទេសនីមួយៗឲ្យបានជោគជ័យ ពិសេសព្រឹត្តិការណ៍នៃខួបការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ថ្ងៃ២៤ មិថុនា ឆ្នាំ១៩៦៧-២០២២ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រសួង។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ភាគីទាំងពីរបន្តពិភាក្សាស្វែងរក ដំណោះស្រាយជាស្ថាពរ នៅចំណុចបន្ទាត់ព្រំដែន ដែលនៅសេសសល់តាមបណ្តោយព្រំដែន ដើម្បីបញ្ចប់ការងារបោះបង្គោលព្រំដែនឲ្យបានឆាប់ ណែនាំឲ្យស្ថាប័នមានសមត្ថកិច្ច នៅតាមមូលដ្ឋានសហការដោះស្រាយបញ្ហា ដែលកើតមានឡើងនៅតាមព្រំដែន ធានាសន្តិសុខខ្សែបន្ទាត់ព្រំដែន រួមចំណែកកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព និងអភិវឌ្ឍន៍តាមស្មារតីក្នុងជំនួប រវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

ជាងនេះទៅទៀត កម្ពុជា-វៀតណាម ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព ចំពោះខ្លឹមសារទាំងអស់ ដែលបានឯកភាពនៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីរវាងប្រទេសកម្ពុជា វៀតណាម ឡាវ ស្តីពី ការពង្រឹងកិច្ចសហការបង្ការ បង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស ក្នុងនោះ ស្នើសុំអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា សហការជាមួយក្រសួងនគរបាលវៀតណាម បង្ការបង្ក្រាបទប់ស្កាត់មេខ្យល់ឆបោក ដែលរៀបចំឲ្យប្រជាពលរដ្ឋវៀតណាម ឆ្លងដែនចូលកម្ពុជា ដោយខុសច្បាប់ ។ ទន្ទឹមនោះ វៀតណាមថ្លែងអំណរគុណដល់នគរបាលកម្ពុជា បានជួយសង្គ្រោះឲ្យជនរងគ្រោះជនជាតិវៀតណាម បានត្រឡប់ទៅផ្ទះសម្បែងវិញផងដែរ ៕

To Top