ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ (Video)

ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការ លើវិស័យ ការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបើកទូលាយ ជាពិសេសតាម រយៈការផ្លាស់ប្ដូរទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។ នេះបើតាមការបញ្ជាក់ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។

ក្នុងជំនួបនោះលោក គីស៊ី ណូប៊ុអូ មានប្រសាសន៍ថា វត្តមានរបស់លោកនៅកម្ពុជានាពេលនេះ ដើម្បីបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ឆ្នាំ នៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា ។

លោករដ្ឋមន្រ្តីបានជម្រាបសម្តេចថា លោកបានផ្លាស់ប្ដូរទស្សនៈកិច្ចរវាងថ្នាក់ដឹកនាំ ក្រសួងការពារជាតិខ្មែរកន្លងមក ដែលធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរកាន់តែរីកចម្រើន និងកាន់តែស៊ីជម្រៅ ។ ក្នុងនោះលោកគូសបញ្ជាក់ថា បានជួបលោក ហ៊ុន ម៉ាណែត ដោយបានផ្លាស់ប្ដូរទស្សនៈ អំពីស្ថានភាពនាពេលបច្ចុប្បន្ននៅក្នុងតំបន់ និងលើពិភពលោក រួមជាមួយការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក គីស៊ី ណូប៊ុអូ ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ឲ្យកាន់តែស៊ីជម្រៅ និងបើកទូលាយជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនៈ លើការវាយតម្លៃស្ថានភាពតំបន់ និងពិភពលោក ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងឲ្យបន្តជំរុញផែនការ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន កាន់តែសកម្មថែមទៀត ដូចជាការផ្លាស់ប្តូរទស្សនកិច្ច នាយទាហានវ័យក្មេង នាយទាហានថ្នាក់ដឹកនាំ ជាន់ខ្ពស់ បណ្ដុះបណ្ដាលលើកកម្ពស់ សមត្ថភាពកងទ័ពជើងគោកកម្ពុជា លើការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ផ្តល់វគ្គសិក្សា នាយទាហានសកម្ម បញ្ជាការសេនាធិការវិស្វកម្ម និងសុខាភិបាលជាដើម ៕

To Top