ព័ត៌មានជាតិ

មីជាតិ ចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការជំងឺគ្រុនឈាម និងចែកអំណោយ ដល់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មីជាតិ បានសហការជាមួយ មន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ រៀបចំយុទ្ធនាការ អប់រំផ្សព្វផ្សាយ ដល់សហគមន៍ ស្តីពីការបង្ការ ការពារជំងឺគ្រុនឈាម និងការដាក់ថ្នាំអាបែត ជូនប្រជាពលរដ្ឋ នាមូលដ្ឋាន ភូមិគោរដ្ឋាន ឃុំអូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តឡើងដោយមានការចូលរួមពីសំណាក់ លោកស្រី រស់ សុផានី អភិបាលរង នៃ គណៈអភិបាល ខេត្តបន្ទាយមានជ័យ, លោកអភិបាល ក្រុងសិរីសោភ័ណ, ថ្នាក់ដឹកនាំក្រុមហ៊ុនមីជាតិ មន្ត្រីរាជការ ស្ថាប័នជុំវិញ រដ្ឋបាលខេត្ត បន្ទាយមានជ័យ និងតំណាងប្រជាពលរដ្ឋ ១០០ គ្រួសារ ។

លោក សោមនស្ស វិបុល ប្រធានជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) បានថ្លែងថា “រដូវវស្សាបានខិតមកដល់ មូសខ្លាក៏ចាប់ផ្តើមពងកូន ព្រមជាមួយសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពី “ស្ថានភាពជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងដើមឆ្នាំ២០២២ នេះមានចំនួនកើនឡើង បើធៀបនឹងឆ្នាំ២០២១ ដោយមើលឃើញពីស្ថានភាពនេះ មីជាតិ បានសម្រេចជ្រើសរើស ខេត្តបន្ទាយមានជ័យ ក្នុងការអនុវត្តគម្រោង នៃការចូលរួមអប់រំផ្សព្វផ្សាយអំពីវិធានការ បង្ការជំងឺគ្រុនឈាម ព្រមជាមួយសកម្មភាពគាំទ្រ ដទៃទៀត ដើម្បីចូលរួមបញ្ចៀស អត្រាអ្នកកើតជំងឺគ្រុនឈាម ក្នុងមូលដ្ឋានខេត្ត ។”

លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋរស់នៅ តាមមូលដ្ឋាននានា សូមចូលរួមសហការ ជាមួយមន្ត្រីមន្ទីរសុខាភិបាល ដែលចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត ដើម្បីកំចាត់មូសខ្លា លុបបំបាត់ជំងឺគ្រុន ឈាមឲ្យបានទាំងគ្នា នៅតាមលំនៅដ្ឋានរៀងៗ ខ្លួន និងសូមបងប្អូនចូលរួមសម្អាត បរិស្ថាននៅជុំវិញ លំនៅដ្ឋានរបស់ខ្លួន ឲ្យមានអនាម័យល្អ ដើម្បីឈានទៅលុបបំបាត់ ជម្រកមូសខ្លាពងកូន ដែលជាប្រភពចម្លងជំងឺ គ្រុនឈាម ឲ្យអស់ជាស្ថាពរ ។

នាឱកាសនោះដែរ លោកជំទាវ រស់ សុផានី អភិបាលរង នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ បានសម្តែង ការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមគាំទ្រ របស់ ថ្នាក់ដឹកនាំ និងបុគ្គលិក ក្រុមហ៊ុនមីជាតិ ដែលប្រឹងប្រែងទាំងកម្លាំងកាយចិត្ត និងធនធាន ក្នុងការចូលរួមឆ្លើយតបបន្ទាន់ ស្របជាមួយការអំពាវនាវរបស់ ក្រសួងសុខាភិបាលអំពីការចូលរួមបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នារដូវវស្សានេះ ។ លោកជំទាវ បានបន្តទៀតថា ការចូលរួមសកម្មភាពនេះ ជាឆន្ទៈដ៏វិសេសវិសាល ដែលក្រុមហ៊ុនឯកជន ចូលរួមគាំទ្រ ដោយផ្ទាល់មកកាន់មូលដ្ឋាន ដែលមានតម្រូវការ ចាំបាច់តាមរយៈការបង្កើត នូវគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចូលរួមទប់ស្កាត់ និងការពារការផ្ទុះឡើងវិញ នូវជំងឺគ្រុនឈាម ក្នុងខេត្តបន្ទាយមានជ័យ ។

គួរបញ្ចាក់ផងដែរថា បន្ថែមពីការចូលរួមផ្សព្វផ្សាយ អំពីវិធានបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (មីជាតិ) ក៏បានចែកអំណោយ ជូនប្រជាពលរដ្ឋចំនួន១០០គ្រួសារ នូវស្បៀងអាហារ រួមមានអង្ករ មីជាតិ ទឹកពិសាវីតាល់ មុង សាប៊ូ និងថវិកា ។ មីជាតិក៏បានពាំនាំអំណោយមីជាតិ និងវីតាល់ ជាច្រើនកេស ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និង មន្ទីរសុខាភិបាល ខេត្តផងដែរ ។ សកម្មភាពទាំងនេះ អាចកើតឡើង បានក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផលិតផលមីជាតិ ដែលជាមីឆ្អិនស្រាប់ មុនដំបូងគេនៅកម្ពុជា និងមានរសជាតិខ្មែរ បង្កើតឡើង ដោយជនជាតិខ្មែរ ។ ដូច្នេះដើម្បីការរីកចម្រើនរបស់សង្គមជាតិយើង និងដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរ សូមបន្តគាំទ្រ និងរួមគ្នាលើក កម្ពស់ផលិតផលខ្មែរ ។ យើងរួមគ្នា ដើម្បីវឌ្ឍនភាពរបស់កម្ពុជា ៕

To Top