ព័ត៌មានជាតិ

សម្ព័ន្ធពិភពឥស្លាម ៖ កម្ពុជា ក៏ជាទីតាំងអនុវត្តជាក់ស្តែង ការគោរពសិទ្ធិមនុស្ស និងសុខដុមនីយកម្ម ខាងសាសនា

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ មិថុនា លោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា អគ្គលេខាធិការនៃសម្ព័ន្ធពិភពឥស្លាម និងជាប្រធានសមាគមសម្ព័ន្ធបញ្ញវន្តឥស្លាម បានថ្លែងថា កម្ពុជា ក៏ជាទីតាំងអនុវត្តជាក់ស្តែង អំពីការគោរពសិទ្ធិមនុស្ស និងសុខដុមនីយកម្មខាងសាសនា ហើយគឺជាផ្នែកមួយនៃពិភពលោក ទទួលបានសុខសន្តិភាព ។

លោក មហាំម៉ាត់ អាប់ឌុលការី អាល់អ៊ីសា ក៏បានកោតសរសើរ និងស្ញប់ស្ញែងកម្ពុជា ទទួលបានសុខដុមនីយកម្មជាតិសាសន៍ និងសាសនាដែលផ្តល់ឲ្យប្រជាជនគ្រប់រូប មិនថាកាន់សាសនាណាទេ ទទួលបានភាពសុខដុមរមនាក្នុងការរស់នៅជាមួយគ្នា និងធ្វើឲ្យប្រទេសមានសុខសន្តិភាព។ លោក ថា «ពិភពលោកពិតជាត្រូវការសន្តិភាព»។

លោកបញ្ជាក់ថា «ប្រទេសកម្ពុជាគឺផ្នែកមួយនៃពិភពលោក ដែលទទួលបាននូវសុខសន្តិភាពនេះ ទោះបីមានភាពចំរុះខាងសាសនាក៏ដោយ។ ប្រទេសកម្ពុជាមានស្ថេរភាព ការគោរពសិទ្ធិសេរីភាព ការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។ ប្រទេសកម្ពុជា ក៏ជាទីតាំងអនុវត្តជាក់ស្តែងដែលបង្ហាញអំពីការអនុវត្តជាក់ស្តែង អំពីការគោរពសិទ្ធិមនុស្ស និងសុខដុមនីយកម្មខាងសាសនា»។

លោកគូសបញ្ជាក់ថា កម្ពុជាកើតចេញពីចន្ទៈរបស់ប្រជាពលរដ្ឋ។ ក្នុងប្រវត្តិសាស្ត្រកម្ពុជា បានយកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត ហើយប្រជាជនមានការយល់ដឹងអំពីគុណតម្លៃនានា ក្លាយជាប្រទេសគំរូនៅលើពិភពលោក ក្នុងការផ្តល់នូវសុខសន្តិភាព និងផ្តល់នូវសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋរបស់ខ្លួន។

លើសពីនេះ លោកក៏បានសន្យាថា នឹងពាំនាំនូវអ្វីដែលកើតឡើងនៅកម្ពុជាក្នុងបរិយាកាសប្រកបទៅដោយភាតរភាព និងជាប្រទេសដែលបានប្រឆាំងដាច់ខាតជាមួយនឹងការប្រកាន់ពូជសាសន៍ និងភាពជ្រុលនិយមផ្សេងៗ ចែកជូនទៅដល់ពិភពលោកទាំងមូលអាចទាញយកបាននូវបទពិសោធន៍ ក៏ដូចជាមេរៀនដ៏ល្អប្រពៃពីប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេច សាយ ឈុំ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់អង្គការសម្ព័ន្ធពិភពឥស្លាម ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកកម្ពស់មនុស្សធម៌ក្នុងពិភពលោក ដែលបានរួមចំណែកដោះស្រាយបញ្ហារបស់បណ្តាប្រទេសម៉ូស្លីម ទប់ស្កាត់ជម្លោះ រក្សាទំនាក់ទំនងអរិយធម៌ និងពង្រីកការសន្ទនា រួមចំណែកដល់សន្តិភាពនៃបណ្តាប្រទេសកាន់ឥស្លាមសាសនា និងសន្តិភាព ស្ថិរភាពជាសកល។

សម្តេចប្រធានព្រឹទ្ធសភា ក៏ស្នើគណៈប្រតិភូជំរុញទេសចរអារ៉ាប៊ីសាអូឌីត ក៏ដូចជាទេសចរណ៍មកពីបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធពិភពឥស្លាម មកទស្សនាកម្ពុជាបានច្រើន ដើម្បីជួយជំរុញឲ្យមានការហោះហើរឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់អេម៉ីរ៉ាត់មករាជធានីភ្នំពេញ និងខេត្តសៀមរាប ៕

To Top