នយោបាយ

បទអត្ថាធិប្បាយ ៖ គុណតម្លៃ អាហារូបករណ៍ចិន សម្រាប់យុវជនកម្ពុជា

ជារៀងរាល់ឆ្នាំ ភាគីចិន តែងតែផ្តល់អាហារូបករណ៍ ដល់យុវជនកម្ពុជា មិនតិចជាង ៥០០ កន្លែងទេ សម្រាប់ការសិក្សា ក្នុងកម្រិតឧត្តមសិក្សា និងកម្រិតក្រោយឧត្តមសិក្សា នេះមិនរាប់បញ្ជូល ទាំងការផ្តល់អាហារូបករណ៍ ទាក់ទង នឹងការសិក្សា ភាសារយៈពេលខ្លី ឬសិក្សាជំនាញវិជ្ជាជីវៈ រយៈពេលខ្លី ។ ចិនក៏តែងតែបានផ្តល់ នូវអាហារូបករណ៍ ទាក់ទងនឹងទស្សនកិច្ចសិក្សា ជូនដល់យុវជនកម្ពុជា ក្នុងការយល់ដឹង និងចែករំលែកចំណេះទាក់ទង នឹងជីវភាពរស់នៅ ឬ ក៏ការអភិវឌ្ឍសង្គម នៅក្នុងប្រទេសចិន ដើម្បីជាចំណេះដឹង មូលដ្ឋាន មួយជូនដល់ យុវជនកម្ពុជាផងដែរ នេះបើតាមការសង្កេតផ្ទាល់ របស់ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន។

លោកបណ្ឌិតបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនទៀតថា អាហារូបករណ៍ចិននេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ដែលមានតម្លៃ មិនសម្រាប់ខ្លួនគាត់ផ្ទាល់ សម្រាប់គ្រួសារ សហគមន៍ ដែលគាត់រស់នៅប៉ុណ្ណោះទេ ប៉ុន្តែវាមានតម្លៃមហាសាល សម្រាប់ប្រទេសជាតិ។

លោកបណ្ឌិតថា នៅពេលដែលយុវជនកម្ពុជា ទទួលបានអាហារូបករណ៍ ទៅបន្តការសិក្សា នៅប្រទេសចិន ពួកគាត់មានមោទនភាព ដែលពាំនាំនូវ អត្តសញ្ញាណរបស់ជាតិ ការខិតខំប្រឹងប្រែង ដើម្បីទទួលបាននូវពុទ្ធិ និងបទពិសោធន៍ នៅក្នុងប្រទេសចិន ចូលរួមការចែករំលែកជាមួយ នឹងមិត្តភ័ក្ត្របរទេស ពីកិត្យានុភាព និងឧត្តមភាពរបស់ជាតិ ។ មោទនភាពមួយទៀត គឺនៅពេល ដែលយុវជនកម្ពុជា បានទៅបន្តការសិក្សានៅប្រទេសចិន ហើយត្រលប់មកវិញ គឺពួកគាត់បានពាំនាំនូវចំណេះដឹង និង បទពិសោធន៍ មកចូលរួមក្នុងការអភិវឌ្ឍ មាតុភូមិរបស់ខ្លួន ហើយពួកគាត់ ក៏ជា ស្ពានមេត្រីភាព ចំណងទាក់ទង រវាងពួកគាត់ជាមួយ នឹងមិត្តភ័ក្រ្តចិន និងចូលរួមចំណែកក្នុងការ ទាក់ទាញវិនិយោគិន ទេសចរចិន និងជាតិសាសន៍ផ្សេងៗទៀត ដែលបានបន្តការសិក្សា នៅប្រទេសចិនដែរ ឲ្យបានយល់ដឹងពីប្រទេសកម្ពុជា ដែលជាការចូលរួមក្នុង ការអភិវឌ្ឍសង្គមជាតិកម្ពុជា។

លោកបណ្ឌិតក៏បានលើកទឹកចិត្ត ដល់យុវជនកម្ពុជា ខិតខំស្វែងរកឱកាសទៅបន្តការ សិក្សានៅប្រទេសចិន ដោយតាមដាន នូវរាល់ការ ជូនដំណឹង របស់ស្ថាន ទូនចិនប្រចាំកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា ដែលតែងតែប្រកាស ជូនដំណឹងអំពីការផ្តល់អាហារូបករណ៍ចិន ជូនដល់ភាគីកម្ពុជា។

«ក្នុងនាមអ្នក ដែលធ្លាប់បានស្នើសុំអាហារូបករណ៍ ពីប្រទេសចិន ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា ខ្ញុំសូមលើកទឹកចិត្ត ដល់យុវជនកម្ពុជា ត្រូវខិតខំរៀនភាសាចិន ជាមុនសិន និងភាសាអង់គ្លេសដែរ ដើម្បីងាយស្រួលក្នុងការសិក្សា ។ ទី២ ទាក់ទងនឹងចំណេះដឹង មូលដ្ឋានផ្សេងៗ ឬក៏ចំណេះដឹងជំនាញ ដែលមាន ឬសមស្របទៅហ្នឹងការស្នើសុំ ដែលងាយស្រួល អាចឲ្យយើងចាប់យកនូវកាលានុវត្តភាព នៃការសិក្សាជាមួយបណ្តា និស្សិតផ្សេងៗ នៅក្នុងសកលវិទ្យាល័យ ដែលយើងគ្រោងនឹង ទៅបន្តការសិក្សា។»

លោកបណ្ឌិតបានបន្តថា ដោយសារតែបច្ចេកវិទ្យា កាន់តែទំនើប ការចែករំលែកព័ត៌មាន ទាក់ទងនឹង អាហារូបករណ៍នេះ ក៏មានលក្ខណៈទូលំទូលាយ ផងដែរ ជាពិសេស អាចតាមដាន បានផេកផ្លូវការ របស់ស្ថានទូតចិន ឬ ក្រសួងអប់រំ យុវជន និងកីឡា ឬបណ្តាគ្រឹះស្ថានផ្សេងៗ ដែលតែងតែផ្សព្វផ្សាយព័ត៌មាន ទាក់ទងនឹងអាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន។

ជាមួយគ្នានេះដែរ កញ្ញា យន់ សៀវវ៉ៃ ដែលធ្លាប់បានទទួលអាហារូបករណ៍ ទៅសិក្សានៅប្រទេសចិន បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា កញ្ញាទទួលបានឱកាស អាហារូបករណ៍មុខជំនាញ៖ បរិញ្ញាបត្រជាន់ខ្ពស់ ភាសាចិនអន្តរជាតិ សកលវិទ្យាល័យគរុកោសល្យប៉េកាំង រយៈពេល២ឆ្នាំ ពីឆ្នាំ២០១៨ ដល់ ២០២០ ។ កញ្ញាថា បានដាក់ពាក្យទទួលអាហារូបករណ៍នេះ តាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយពេលនោះ កញ្ញាក៏រៀនភាសាចិននៅទីនោះដែរ ។

ស្ត្រីខ្មែរដែលកំពុងប្រើប្រាស់ភាសាចិន ដើម្បីបំរើការងារនៅប្រទេសកម្ពុជា បានលើកឡើងថា កញ្ញាស្រលាញ់ ចូលចិត្តភាសាចិន តាមពីដើមមក ទើបបានសម្រេច ចិត្តរៀនភាសាចិន ហើយការផ្តើមចេញពីការចូល រួមវប្បធម៌ចិននេះ ហើយបានកញ្ញា បានខិតខំរៀនភាសាចិន រហូតទទួលបាន អាហារូបករណ៍ ទៅបន្តការសិក្សានៅប្រទេសចិន។ កញ្ញាថា ឱកាសបានទៅសិក្សា នៅប្រទេសចិនពិតជាមានតម្លៃ ព្រោះមិនពិបាករកការងារធ្វើ ខណៈអ្នកវិនិយោគចិន នៅកម្ពុជាកាន់តែច្រើន ព្រមទាំងមានប្រាក់បៀវត្សរ៍ច្រើន ។

« ប្រាកដជាឱកាសហើយ ព្រោះថា ខ្ញុំឃើញគេជ្រើសរើសបុគ្គលិកភាគចិន ភាគច្រើន គេត្រូវការអ្នកមកពីចិន ជាពិសេស ក្រុមហ៊ុនធំៗ ត្រូវការអ្នកមានសញ្ញាប័ត្រនៅចិន គឺកាន់តែល្អ អញ្ចឹង ធ្វើឲ្យយើងកាន់តែមានឱកាសច្រើន ហើយទទួលបានប្រាក់ខែខ្ពស់ទៀត»។

បើតាមជំនួប រវាងនាយករដ្ឋមន្ត្រីកម្ពុជានិងចិន កាលពីចុងឆ្នាំ២០២១ ភាគីចិនបានសន្យាថា ផ្ដល់អាហារូបករណ៍ដល់កម្ពុជា សម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥៥០ អាហារូបករណ៍ ។ នាដើមឆ្នាំ២០២២នេះ ក៏សង្កេតឃើញ នៅតាមក្រសួង ស្ថាប័ន និង សហគ្រាសនានា បានជូនដំណឹង ពីការផ្តល់អាហារូបករណ៍សម្រាប់ យុវជន ជាសិស្ស និស្សិត និងមន្ត្រីរាជការ ជាបន្តបន្ទាប់ រួមមានទាំង ជំនាញវិជ្ជាជីវៈដែរ៕ (ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top