ព័ត៌មានជាតិ

ថវិកាចំនួន ១ ២០០ ០០០ រៀលត្រូវបានផ្តល់ជូន ស្រី្តសម្រាលកូនភ្លោះបី​ តាមរយៈ ប.ស.ស.

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នេះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១ ២០០ ០០០ រៀល ត្រូវបានក្រុមការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននាំយកទៅផ្តល់ជូន ដល់សមាជិក ប.ស.ស. សម្រាលបានកូភ្លោះបី នៅមន្ទីរពេទ្យកាល់ម៉ែត។

ស្រ្តីសម្រាលបានកូនភ្លោះបីខាងលើ មានឈ្មោះថា វណ្ណា រចនី​ ដោយលោកស្រី បានបង្ហាញពីក្តីរីករាយយ៉ាងក្រៃលែងចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលមកលើរូបនាង ក៏ដូចជាស្រ្តីសម្រាលកូនដទៃផ្សេងទៀតផងដែរ។

ជាមួយគ្នានេះ លោកស្រីបានសម្តែង នូវក្តីអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលសម្តេចតែងតែ យកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

គួរឲ្យដឹងផងដែរថា បើយោងតាមរបាយការណ៍ របស់ការិយាល័យមាតុភាព នៃនាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានបង្ហាញថា ៖ គ្រាន់តែគិតក្នុងរយៈពេល១ខែឧសភា (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២) កន្លងទៅថ្មីៗនេះ ថវិកាសរុបប្រមាណជាង ១.៩ ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនសមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនសរុបចំនួន ៤ ៧៥២នាក់ ដែលមានចំនួនកូនសរុបចំនួន ៤ ៧៨៧នាក់ ក្នុងនោះស្រ្ដីសម្រាលបានកូនភ្លោះពីរ មានចំនួន ៣៥នាក់៕

To Top