ព័ត៌មានជាតិ

ក្រសួងសាធារណការ ពិភាក្សាលទ្ធផលសិក្សាបឋម លើការរៀបចំផ្លូវរថភ្លើងក្រោមដី និងលើអាកាស

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលសិក្សាបឋម លើការរៀបចំប្រព័ន្ធដឹកជញ្ជូនសាធារណៈ ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) ជាជម្រើស នៅក្នុងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូល រួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង តំណាងសាលារាជធានីភ្នំពេញ តំណាងក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនគមនាគមន៍ និងសំណង់ចិន (CCCC) និងមន្ត្រីបច្ចេកទេសមកពីអង្គភាពពាក់ព័ន្ធ។

នាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានសម្ដែងការស្វាគមន៍ចំពោះអង្គប្រជុំ និងបានជម្រាបជូនអំពី គម្រោងសិក្សារបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដែលអាចចូលរួមកាត់បន្ថយ ការកកស្ទះចរាចរណ៍ ក្នុងក្រុង ប្រកបដោយប្រសិទ្ធភាព ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយ ដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហា នៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេល បច្ចុប្បន្ននេះ។  

ផ្ទាំងពាណិជ្ជកម្ម

បន្ទាប់ពីការធ្វើបទបង្ហាញ របស់ក្រុមអ្នកជំនាញឯកទេស ក្រុមហ៊ុន ដែលបានសិក្សា ទៅលើលទ្ធភាពសាងសង់ បណ្តាញ ផ្លូវរថភ្លើង ដែលបានគ្រោងតភ្ជាប់ស្ទើរគ្រប់ទីតាំង ជាពិសេសលើតំបន់ ដែលមានដង់ស៊ីតេប្រជាជន ខ្ពស់ នៃរាជធានីភ្នំពេញ រួចមកអង្គប្រជុំបានពិភាក្សាលម្អិតបន្ថែម ទៅលើលទ្ធផលនៃការសិក្សាជាបឋម នេះ។ ក្រុមហ៊ុនបានសិក្សាដោយផ្អែកលើមូលដ្ឋាន នៃការប្រៀបធៀបតម្លៃឯកតាចំណាយលើការសាងសង់ ផ្លូវរថភ្លើងក្រោមដី (Subway) ឬផ្លូវរថភ្លើងលើអាកាស(Monorail) រយៈពេលនៃការសាងសង់ តម្លៃប្រតិបត្តិការ និងចំណាយលើការថែទាំ ជាដើម។

ជាទីបញ្ចប់ លោកទេសរដ្ឋមន្ត្រី បានជំរុញឲ្យក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ធ្វើការសិក្សាឲ្យបាន ស៊ីជម្រៅបន្ថែមទៀតលើចំណុចដែលនៅខ្វះចន្លោះមួយចំនួនទៀត គឺធ្វើយ៉ាងណាឲ្យគម្រោង នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជា មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមចំណែក ក្នុងការអភិវឌ្ឍវិស័យនេះ ឲ្យកាន់តែមានការរីកចម្រើន និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍៕

To Top