ព័ត៌មានជាតិ

សម្តេចតេជោ ៖ គណបក្សប្រជាជន បដិសេធរាល់សកម្មភាពប៉ុនប៉ង ឬកៀបសង្កត់លើអធិបតេយ្យរបស់កម្ពុជា (Video)

ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសបដិសេធ រាល់សកម្មភាពទាំងឡាយណាទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតចេញពីម៌ាគា ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។

នាឱកាសអញ្ជើញប្រារព្ធពិធីមីទ្ទីងរំឭកខួបទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.៦.១៩៥១-២៨.៦.២០២២) នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតសន្តិភាព ស្ថិរភាព នយោបាយ និងសន្តិសុខរបស់ជាតិដែលជាលក្ខខណ្ឌជាសារវន្ត ដើម្បីធានាជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយ ចីរភាព មិនឲ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។

សម្ដេចតេជោបន្ថែមថា «យើងបន្តចូលរួមយ៉ាងសកម្ម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធ ប្រឆាំងនឹងបញ្ហាប្រឈមនានា របស់តំបន់ និងពិភពលោក»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបន្ដថា គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ ប្រជាជន។ សម្ដេចថា «ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្តី ដែលប៉ុនប៉ងនាំកម្ពុជាឲ្យឃ្លាតចេញពីម៌ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា»។

សម្ដេចតេជោថា គណបក្សប្រជាជនកម្ពុជា បន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គមដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សាបរិយាកាសនយោបាយល្អប្រសើរប្រកបដោយចីរភាព ជាពិសេស បរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុនទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន៕

To Top