នយោបាយ

ចិន អបអរសាទរ ចំពោះលទ្ធផលឈ្នះឆ្នោតដាច់ របស់គណបក្សប្រជាជនកម្ពុជា (Video)

ភ្នំពេញ៖ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានអបអរសាទរដល់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងសូមចូលរួមអបអរសាទរ ដល់គណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោត។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន មានប្រសាសន៍ថា ភាគីចិនអរសាទរ ដល់កម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ និងអបអរសាទរគណបក្សប្រជាជនកម្ពុជា។

ភាគីចិនរីករាយសហការជាមួយកម្ពុជា ខិតខំប្រឹងប្រែងរួមគ្នា កសាងសហគមន៍វាសនារួម ដែលប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ បន្តផ្តល់អត្ថប្រយោជន៍កាន់តែល្អ ជូនដល់ប្រជាជនទាំងពីរប្រទេស។

សូមបញ្ជាក់ថា លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គឺគណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាច ទទួលបានអាសនៈសរុប ៩,៣៧៦អាសនៈ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១,៦៤៨នាក់ ជំទប់ទី១ចំនួន១,៦១៨នាក់ ជំទប់ទី២ចំនួន២៦១នាក់៕

To Top