ព័ត៌មានជាតិ

តុលាការឧទ្ធរណ៍ ជម្រះបណ្តឹងឧទ្ធរណ៍ ជនជាប់ចោទចិន និងខ្មែរ៦នាក់ ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ២៧គីឡូក្រាម

ភ្នំពេញ: ជនជាតិចោទគ្រឿងញៀន ចំនួន៦នាក់ រួមមានជនជាតិចិន ចំនួន៣នាក់ និង ខែ្មរចំនួន ៣នាក់ កាលពីព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបានសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ធ្វើការ ជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ពួកគេ ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ចំនួន ជិត២៧ គីឡូក្រាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨។

លោក ពៅ ភូស៊ុន ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទ៦នាក់ មានឈ្មោះ ៖ ទី ១- ឈ្មោះ លី ហុងអ៊ី អាយុ ៣៨ ឆ្នាំ ជនជាតិចិន ។ ទី ២- ឈ្មោះ ស៊ី យ៉ាងហ្វុង អាយុ ៤០ ឆ្នាំ ជនជាតិចិន ។ ទី ៣- ឈ្មោះ ចៀន ស៊ុនហ៊ាន អាយុ កើតឆ្នាំ ១៩៧៨ ជនជាតិចិន។ ទី ៤-ឈ្មោះ ឈរ ប៊ុនឆាយ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ ។ ទី ៥៖ឈ្មោះ សំ កុកឈាង ភេទ ប្រុស អាយុ ២៦ ឆ្នាំ ។ និង ទី ៦-ឈ្មោះ ប្រាក់ ញាញ់ ភេទប្រុស អាយុ ៣៧ ឆ្នាំ ។ អ្នកទាំង៣នាក់នេះ គឺជាជនជាតិខ្មែរ។

លោកចៅក្រមបានបញ្ជាក់ថា នៅក្នុងសំណុំរឿងក្តីនេះ, សាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃ ទី ៥ ខែ មិថុនា ឆ្នាំ ២០២០ បានសម្រេចផ្តន្ទាទោស ទី ១-ឈ្មោះ លី ហុងអ៊ី ដាក់ពន្ធនាគារកំណត់ អស់មួយជីវិត ពិន័យ ៨០ លានរៀល ។ ទី២-ឈ្មោះ ស៊ី យ៉ាងហ្វុង , ទី ៣- ឈ្មោះ ចៀន ស៊ុនហ៊ាន , ទី ៤-ឈ្មោះ សំ កុកឈាង និង ទី ៥-ឈ្មោះ ប្រាក់ ញាញ់ ត្រូវជាប់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២៨ ឆ្នាំ និង ពិន័យ ជាប្រាក់ ក្នុងម្នាក់ៗ ពី ៤០ លានរៀល ទៅ ៨០ លានរៀល ។ និង ទី៦- ឈ្មោះ ឈរ ប៊ុនឆាយ ត្រូវជាប់គុក កំណត់ ២០ ឆ្នាំ និង ពិន័យ ជាប្រាក់ ចំនួន ៤០ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ។

ពួកគេទាំង៦នាក់ ត្រូវជាប់ចោទ ពីបទ: ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន ដោយនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៨ ។

ក្រោយប្រតិបត្តិការបង្ក្រាប, កម្លាំងសមត្ថកិច្ចនគរបាល ដកហូតបាន គ្រឿងញៀន រួមមាន ថ្នាំងញៀន ប្រភេទម៉ាទឹកកក (ICE ), កេតាមីន និង ហេរ៉ូអ៉ីនសរុប ចំនួន ២៦.៧៦៨គីឡូក្រាម ( ជិត ២៧ គីឡូក្រាម) ។

សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ នឹងប្រកាសសាលដីកា សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទ ១៣ ខែ កក្កដា ឆ្នាំ ២០២២៕

ដោយ: លីហ្សា

To Top