ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ៖ បញ្ជូនកញ្ញា សេង ធារី ទៅពន្ធនាគារ ខេត្តព្រះវិហារ ជាសិទ្ធិរបស់មន្រ្តីពន្ធនាគារ និងអយ្យការ (Video)

ភ្នំពេញ ៖ ការចាប់ខ្លួនកញ្ញា សេង ធារីដែលជាអ្នកច្បាប់អន្តរជាតិ ទៅដាក់ពន្ធនាគារខេត្តព្រះវិហារ កន្លងទៅជិត២អាទិត្យហើយនោះ ត្រូវបានលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ជាសិទ្ធិអំណាចរបស់មន្រ្តីពន្ធនាគារ និងស្ថាប័នអយ្យការ។

តបទៅសំណួររបស់អ្នកព័ត៌មាន ក្នុងវេទិកាពីសិទ្ធិមនុស្ស និងយុត្តិធម៌នៅកម្ពុជា នៅថ្ងៃ២៩ មិថុនានេះ លោក ជិន ម៉ាលីន បានថ្លែងថា ការបញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារជិតព្រំដែនខ្មែរ-ថៃរបស់កញ្ញា សេង ធារី ដើម្បីសុវត្ថិភាពអ្នកជាប់ឃុំ ដោយច្បាប់មិនបានហាមប្រាមនោះទេ។ លោកក៏បានលើកពីករណីលោក កឹម សុខាក៏ដូចគ្នាដែរចាប់ខ្លួននៅភ្នំពេញ តែបញ្ជូនទៅដាក់ពន្ធនាគារនៅត្រពាំងផ្លុង ខេត្តត្បូង ។

លោកបានបញ្ជាក់យ៉ាងខ្លីថា “ការផ្លាស់ប្តូរពន្ធនាគារជាសិទ្ធិអំណាច របស់មន្រ្តីពន្ធនាគារ និងស្ថាប័នអយ្យការ” ។

ចំពោះការចាប់ខ្លួន កញ្ញា សេង ធារី នេះ លោកអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបកស្រាយថា មិនមែន មកពីគាត់តែងខ្លួនជាមនុស្សវិបល្លាសស្មារតី(ឆ្កួត)ទេ តែមកពីគាត់ជាប់ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តរបស់លោក សម រង្ស៊ី នាថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ដែលជាបទល្មើសផ្តួលរំលំរាជរដ្ឋាភិបាល ។ តែបើគាត់ចង់ធ្វើជាវិបល្លាសស្លៀកពាក់ ឬមិនស្លៀកពាក់ ឬក៏ស្លៀកជានារីអប្សរា ដើរតាមផ្លូវណាណីនោះ ជារឿង របស់គាត់ទេ ។

កញ្ញា សេង ធារី អ្នកជំនាញច្បាប់ កិច្ចការអន្តរជាតិ និងជាអ្នកតស៊ូដើម្បីយុត្តិធម៌សង្គម ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗ បន្ទាប់ពីចៅក្រមប្រកាសផ្តន្ទាទោស៦ឆ្នាំ ពីបទរួមគំនិតក្បត់ កាលពីព្រឹកថ្ងៃ១៤ មិថុនា នៅមុខសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ៥០នាក់ទៀតត្រូវបានតុលាការផ្តន្ទាទោសពី៥-៨ឆ្នាំ ៕

To Top