នយោបាយ

តំណាងកម្ពុជា ៖ តុលាការកម្ពុជាធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាង រឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាង ដាច់អហង្ការ នូវសេចក្ដីប្រកាសព័ត៌មាន របស់អ្នករាយការណ៍ពិសេស ចំនួន ៣រូប ធ្វើឲ្យមតិសាធារណជន យល់ច្រឡំអំពីការជំនុំជម្រះក្ដី នៅកម្ពុជា ខណៈតុលាការកម្ពុជា ធ្វើការជំនុំជម្រះក្ដី មិនផ្អែកលើពាក្យចចាមអារ៉ាមទេ ប៉ុន្តែសម្អាងលើភស្តុតាង រឹងមាំជាក់ស្ដែង និងស្របតាមនីតិវិធីត្រឹមត្រូវ។

យោងតាមសេចក្តីថ្លែងការណ៍ ព័ត៌មាន របស់ស្ថាន បេសកកម្មអចិន្ត្រៃយ៍កម្ពុជា នាថ្ងៃទី២៨ មិថុនា បានឲ្យដឹងថា «សូមផ្ដល់ការបកស្រាយសំខាន់ៗ មួយចំនួន ចំពោះការអត្ថាធិប្បាយខុសឆ្គងទាំងស្រុង របស់អ្នករាយការណ៍ពិសេសទាំងនោះ ការលើកឡើងថា សវនាការធ្វើឡើងដោយ ហេតុផលនយោបាយ គឺជាការចោទប្រកាន់បែបបុរេនិច្ឆ័យ និងមិនផ្អែកលើការពិត ។ មានឧទាហរណ៍យ៉ាង ច្រើនបង្ហាញថា បុគ្គលដែលគាំទ្រ គណបក្សកាន់អំណាច ក៏ត្រូវបានតុលាការតែមួយនេះ កាត់សេចក្ដីឲ្យទទួលខុសត្រូវ ចំពោះមុខច្បាប់ដែរ»។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្ដថា ប្រការនេះបញ្ជាក់យ៉ាងច្បាស់ពីការពិត ដែលថា ការចូលរួមជាមួយគណបក្ស នយោបាយមួយ ពុំមែនជាការផ្តល់សិទ្ធិ ឲ្យបុគ្គលណាម្នាក់ បំពានច្បាប់ដោយនិទណ្ឌភាពឡើយ ។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់នយោបាយ គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាបន្ថែមថា ជាការគួរឲ្យសោកស្ដាយយ៉ាងខ្លាំង ដែលអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំបានវាយតម្លៃព័ត៌មានដែលបានទទួល ឲ្យបានហ្មត់ចត់ និងមិនធ្វើនយោបាយូបនីយកម្ម។ ការពិតនោះគឺថា ការកាត់ក្ដីនៅពេលថ្មីៗនេះ មានជាប់ពាក់ព័ន្ធនឹងផែនការ វិលត្រឡប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ឬ ព្រឹត្តិការណ៍ ៩/១១ របស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួក ដែលបានញុះញង់ ឲ្យមានការបះបោរ និង រៃអង្គាសប្រមូលថវិកា ដើម្បីចិញ្ចឹមកម្លាំង ខុសច្បាប់ ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចាប់ខ្លួននាយករដ្ឋមន្ត្រីដែលកំពុងកាន់តំណែង។

លើសពីនេះ ស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា ក៏ទទូចអ្នករាយការណ៍ពិសេសទាំង ៣រូបខាងលើ ខិតខំយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋជាសមាជិកជាច្រើន ដែលបានទាមទារ ឲ្យអ្នករាយការណ៍ពិសេសទាំងអស់ អនុវត្តតួនាទីរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់តាម ក្រមសីលធម៌ សម្រាប់អ្នកកាន់អាណត្តិនីតិវីធីពិសេស របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស៕

To Top