ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ សុន ឆ័យ ក្បត់ពាក្យសំដីខ្លួនឯង ថានឹងចូលតុលាការ តែបែរជាពន្យាពេល

ភ្នំពេញ ៖ តាមគម្រោងលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន នឹងត្រូវចូលបំភ្លឺនៅតុលាការកម្ពុជា តាមបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ តែដល់ពេលកំណត់ បែរជាមិនឃើញវត្តមាន របស់លោកវិញដែលធ្លាប់អះអាងថា នឹងវិលមកម្ពុជា ដើម្បីតតាំងជាមួយ បណ្តឹងពីបក្សកាន់អំណាច ក៏ដូចជាបណ្តឹងរបស់គ.ជ.ប ។

ចំពោះការសន្យា របស់អនុប្រធានបក្សភ្លើងទៀន ហើយធ្វើមិនបានវិញនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ចំអកឲ្យថា ក្បត់ពាក្យខ្លួនឯង។

ផ្ទាំងពាណិជ្ជកម្ម

លោក សុខ ឥសាន បានគូសបញ្ជាក់នាថ្ងៃ៣០ មិថុនា តាមបណ្តាញតេឡេក្រាមថា “សុន ឆ័យ ក្បត់ពាក្យសំដីខ្លួន ថានឹងចូលខ្លួនមកដោះស្រាយ ជាមួយតុលាការ តែបែរជាសុំពន្យាពេលទៅវិញ”។

សូមបញ្ជាក់ថា លោក សុន ឆ័យ បានចេញពីកម្ពុជា ទៅកាន់អូស្ត្រាលី កាលពីថ្ងៃ១១ មិថុនា មុនពេលគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យប្តឹងលោកទៅតុលាការ ក្នុងករណីលោកនិយាយបំភ្លៃ ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ។ សម្រាប់បណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ១៤ មិថុនា ទាមទារផ្តល់សំណងប្រហែលជា ១លានដុល្លារ ខណៈបណ្តឹងគ.ជ.ប ឲ្យបង់ពិន័យប្រហែល ១០លានរៀល ៕

To Top