ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ការងារអ្វីក៏ថ្លៃថ្នូរដែរ តែមនុស្សទេថ្លៃថ្នូរ និងមិនថ្លៃថ្នូរ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ ទៅធ្វើអំពើផ្ដេសផ្ដាសក៏មាន

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានថ្លៃថ្នូរ និងមិនថ្លៃថ្នូរ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ ទៅធ្វើអំពើផ្ដេសផ្ដាសក៏មាន ។

ក្នុងឱកាសអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ មិថុនានេះ សម្ដេច ស ខេង បានមានប្រសាសន៍ថា ត្រូវ«ធ្វើឲ្យនគរបាលយើងទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឲ្យពលរដ្ឋខ្លាចនគរបាល កែប្រែឲ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋ ជាចៅហ្វាយដែលត្រូវបំរើសេវាជូន»។

ពាក់ព័ន្ធនឹងតួនាទីរបស់នគរបាលជាតិនេះ សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា នគរបាលជាតិជាតួអង្គមួយដ៏សំខាន់ក្នុងការកសាងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា តាំងពីក្រោមដល់លើ ហើយមិនមែនតែកម្ពុជាទេ ប្រទេសណាក៏ដូចគ្នា។

សម្ដេចបន្តថា «ការងារអ្វីក៏ថ្លៃថ្នូរដែរ មានតែមនុស្សទេដែលមានថ្លៃថ្នូរ និងមិនថ្លៃថ្នូរ។ ជួនអីមន្រ្តីពាក់ផ្កាយ២ ផ្កាយ៣ទៅធ្វើអំពើផ្ដេសផ្ដាស» ៕

To Top