ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដាក់ចេញ នូវវិធានការមួយចំនួន ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀន សម្រាប់ឆមាសទី ២

កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅស្រុកបាធាយ នាព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ចេញ នូវវិធានការមួយចំនួន ដើម្បីពង្រឹង ការបង្ក្រាបបទល្មើសគ្រឿងញៀន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត សម្រាប់ឆមាសទី២ ឆ្នាំ ២០២២ ។

បើតាមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាល ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ ២០២២ នេះ សមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបានចំនួន ១៣៥ ករណី និងឃាត់ខ្លួនចំនួន ៥៧៩នាក់ ស្រី១៨នាក់ ប្រៀបធៀបទៅនឹងឆ្នាំ ២០២១ ថយចុះ ៣៤ ករណី ។

ទោះជាយ៉ាងនោះក្តី អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត លោក អ៊ុន ចាន់ដា បានដាក់ចេញ នូវវិធានការមួយចំនួន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងឆមាសទី ២ ឆ្នាំ ២០២២ ដូចខាងក្រោម ៖

ទី១ ៖សម្រាប់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទរួមទាំងប្រជាការពារ ពិសេសកម្លាំងប៉ុស្តិ៍ រដ្ឋបាលនគរបាលត្រូវតាមដាន និង គ្រប់គ្រងឲ្យបានចាប់ នូវមុខសញ្ញា ជួញដូរ និង ប្រើប្រាស់គ្រឿងញៀន គ្រប់ប្រភេទ នៅក្នុងសហគមន៍ និងឈានដល់ការ បង្ក្រាបនៅនឹងកន្លែង ឲ្យខាងតែបានតាមដីកា របស់តុលាការ ។
-ត្រូវកសាងឯកសារ ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ និងទាន់ពេលវេលា ស្នើសុំដីកាតុលាការ ដើម្បីបង្ក្រាបមុខសញ្ញាទាំងនេះ ឲ្យអស់ពីក្នុង មូលដ្ឋាន និងសហគមន៍។
-ត្រូវប្រើប្រាស់នូវវិធានការ ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត តាមរយៈវេទិកានានា ពិសេស វេទិកាផ្សព្វផ្សាយ គោលនយោបាយភូមិឃុំមានសុវត្ថភាព ។

ទី២ ៖សម្រាប់អាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវចូលរួមឱ្យបានសកម្ម ជាមួយនឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាពិសេសសូមចលនាប្រជាពលរដ្ឋ ចូលរួមក្នុងសកម្មភាពនេះ ឲ្យបានច្រើនកុះករ ។

ទី៣ ៖ សម្រាប់បងប្អូនប្រជាពលរដ្ឋ សូមយោគយល់ ទៅដល់សមត្ថកិច្ច ក្នុងការបំពេញនិតិវិធីបង្ក្រាប បទល្មើសគ្រប់ប្រភេទ ដោយចូលរួមសហការ ក្នុងនាមជាពលរដ្ឋល្អ ។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះ ផ្តាំផ្ញើរបន្ថែមដល់ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ សូមចូលរួមទាំងអស់គ្នាបន្តទៀត ដើម្បីភូមិ ឃុំ មានសុវត្ថិភាព គឺការរួមចំណែកអនុវត្ត នូវគោលនយោបាយ ទាំង០៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលក្នុងនោះ លោកអភិបាលខេត្ត បានលើកយកនូវចំណុចសំខាន់ៗ សម្រាប់ឲ្យប្រជាពលរដ្ឋចូលរួមនោះគឺ៖

ទី១ ៖ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ទី២ ៖ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ ។
ទី៣ ៖ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៤ ៖ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ ៕

To Top