ព័ត៌មានជាតិ

សម្ដេចតេជោ ប្រកាសថា ខែមិថុនា គយ-ពន្ធដារ រកចំណូលចូលរដ្ឋជិត ៥០០លានដុល្លារ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ បានរកចំណូលចូលរដ្ឋ ក្នុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះជិត ៥០០លានដុល្លារ បើប្រៀបធៀបទៅនឹងមុនកូវីដ-១៩ មានចន្លោះពី ៥០០លានដុល្លារ ទៅ៧០០លានដុល្លារ ក្នុងមួយខែ។

ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា ចំណូលរកបានពីខែមិថុនានៅទាបនៅឡើយ បើប្រៀបធៀបទៅនឹងមុនកូវីដ-១៩។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចតេជោបញ្ជាក់ថា «ចំណូលឥឡូវចាប់ផ្ដើមងើប ក្នុង ១ខែមិ្សលមិញនេះ ដែលបញ្ចប់ពីម្សិលមិញនេះ ចំណូលយើងបានឡើងជិត ៥០០លានដុល្លារ ក្នុងមួយខែ ទាំងចំណូលគយ និងចំណូលពន្ធដារ។ ប៉ុន្ដែចំណូលនៅតែទាប បើប្រៀបធៀបជាមួយនឹងមុនកូវីដ ដែលចំណូលយើងរត់ចន្លោះពី ៥០០លាន ទៅ៧០០លានដុល្លារ ក្នុងមួយខែ ។ ឥឡូវចំណូលយើងបានធ្លាក់ក្នុងឆ្នាំ២០២១ នៅក្រោម ៤០០លាន ឥឡូវយើងហក់ឡើងលើ ៤០០លាន»។

សម្ដេចតេជោ ក៏បានលើកឡើងទៀតថា កំណើនសម្រាប់តម្រូវក្នុងស្រុក និងកំណើននៃការនាំចូល គឺមានការកើនឡើង ផងដែរ៕

To Top