ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ណែនាំក្រសួងសេដ្ឋកិច្ច និងវិស័យឯកជន រួមគ្នាធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសគ្មានមីន

ភ្នំពេញ៖ ជាមួយនឹងការប្រកាសជាបណ្ដើរៗ នូវការដាក់ខេត្ត ស្រុក ឃុំ អំពីការអស់មីន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់បញ្ចូលថវិកាជាតិ និងអំពាវនាវវិស័យឯកជន រួមគ្នាធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយជាប្រទេសដែលអត់មានមីន តាមការគ្រោងទុក។

ថ្លែងចេញពីទឹកដីនៃខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចតេជោ មានប្រសាសន៍ថា “ខ្ញុំសុំឲ្យឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិចារណាដាក់បញ្ចូលទៅក្នុងថវិកាជាតិ សម្រាប់ឆ្នាំ២០២៣ -២០២៤ ខាងមុខជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ហើយបញ្ចប់ខេត្ត ស្រុក ឃុំ ប្រកាសថាគ្មានមីន តែម្ដង”។

សម្ដេចតេជោបន្តថា កម្លាំងដោះមីនមានទាំងស៊ីម៉ាក់ (CMAC) កម្លាំងប្រតិបត្តិការដ៏ទៃទៀត ដូចជាវិស្វកម្មកងទ័ព រួមមាន អគ្គបញ្ជាការកងទ័ព ជើងគោក កម្លាំងប្រតិបត្តិការរក្សាសន្តិភាពទៅក្រៅប្រទេស ក៏ត្រូវរួមគ្នាដែរ។

បន្ថែមលើសពីនេះ សម្ដេចថា កន្លែងខ្លះទៀតខ្វះលុយត្រឹមតែ៥ម៉ឺនដុល្លារ រកទៅសុំបរទេស មើលទៅដូចពិបាកឥឡូវដាក់ចូលក្នុងថវិកាជាតិតែម្តងទៅ។

ចំពោះករណីនេះ សម្ដេចបានអំពាវនាវដល់វិស័យឯកជន ឲ្យចូលរួមក្នុងសកម្មភាពនេះ តាមទីតាំងដែលខ្លួនអាចធ្វើបាន ។ ជាក់ស្ដែងកន្លែងខ្លះត្រូវការតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេចគូសបញ្ជាក់ថា “ហើយខ្ញុំក៏សុំយកឱកាសនេះ អំពាវនាវចំពោះវិស័យឯកជន ប្រសិនបើមានបំណង ខ្ញុំសុំអរគុណទុកជាមុនដើម្បីចូលរួមពីសំណាក់វិស័យឯកជនរបស់យើង។ ជួយដោះមីននៅកន្លែងណា ដូចជាកន្លែងខ្លះត្រូវការតែ១០ម៉ឺនដុល្លារប៉ុណ្ណោះ”។

ងាកមកកាន់តំបន់ត្រពាំងថ្មនេះវិញ សម្ដេចតេជោ ក៏បានបញ្ជាឲ្យលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ត្រូវធ្វើការជាមួយអាជ្ញាធរមីន បញ្ជូនកម្លាំងចុះដោះឲ្យអស់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីនតែម្ដង។

សម្ដេចបញ្ជាក់បន្ថែមថា “ទោះក្នុងតម្លៃណាក៏ដោយត្រូវតែគ្មានមីនក្នុងតំបន់នេះ ឲ្យអស់នៅចុងឆ្នាំនេះយ៉ាង យូរ ។ ត្រូវប្រកាសតំបន់នេះ ជាតំបន់គ្មានមីន ដើម្បីធានាសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង”។

សម្ដេចបន្ថែមថា ដូច្នេះអាចគូបផ្សំគ្នា រវាងថវិកាជាតិ និងសប្បុរសជន អាចចូលរួមដើម្បីរក្សាសុវត្ថិភាព និងធ្វើយ៉ាងណាឲ្យកម្ពុជា ក្លាយទៅជាប្រទេស ដែលអត់ មានមីនតាមការគ្រោងទុក៕

To Top