សៀមរាប៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមានលោក យិត ខាវ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឲ្យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើអន្តរាគមន៍ដោះស្រាយ គោលនយោបាយមនុស្សធម៌ ក្នុងខណៈពេលដែលនាងនិងក្រុមគ្រួសារ ប្រឈមនឹងការបណ្តេញចេញពីផ្ទះ ដែលបានរស់នៅអស់រយះពេល ជាង៣៥ឆ្នាំក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋានណាផ្សេងពីនេះ ដើម្បីស្នាក់នៅនោះទេ ។ដូច្នេះតើឲ្យនាង និងក្រុមគ្រួសារ៤នាក់ទៀត ទៅរស់នៅទីណា? ។
ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថានាងមិនប្រឆាំង នឹងការសម្រេចរបស់តុលាការទេ ប៉ុន្តែដោយសារនាងរស់នៅ លើផ្ទះទំនាស់នេះរយៈពេល៣៥ឆ្នាំ បង្កើតជាគ្រួសារមួយ មានសមាជិកចំនួន៥នាក់ ទើបនាងស្នើសុំឱ្យមានការដោះស្រាយ គោលនយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។
ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិត សុំអន្តរាគមន៍ស្នើសុំដោះស្រាយ តាមគោលនយោបាយមនុស្សធ៍មនោះ លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានចេញលិខិតលេខ២០០កយ អកអ១៧ ចុះថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧កន្លងទៅ ដោយជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ពិនិត្យដោះស្រាយជាសមត្ថកិច្ច។ ដោយគ្មានដំណោះស្រាយទើបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍនា បានចារលើលិខិតរដ្ឋបាល លេខ២៦១ ដោយចាត់ឲ្យលោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធ៍ម ទទួលបន្ទុកអាជ្ញាសាលាពិនិត្យ និងចាត់ចែងលើការស្នើសុំ ដោះស្រាយតាមគោលនយោបាយមនុស្សធ៍ម របស់ស្ត្រីឈ្មោះ សាម ចាន់ នេះបន្តទៀត តែមិនមានដំណោះស្រាយដដែល បែរជាលេចចេញនូវការកំណត់ ឲ្យរុះរើផ្ទះចេញទៅវិញធ្វើឲ្យនាងតក់ស្លុត ក្នុងចិត្តយ៉ាងខ្លាំង។
ឈ្មោះសាម ចាន់ បានរៀបរាប់ថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹមនិងរស់នៅជាមួយក្នុងនាម ជាកូនចៅលើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេលដែលទាហានខ្មែរក្រហម ឧស្សាហ៍ចេញចូលអុកឡុកក្នុងភូមិ មកម៉្លេះដោយមានចាស់ទុំ និងអាជ្ញាធរមូលដ្ឋានធ្វើជាសាក្សី។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាង ជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិ ក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់បានចែកទ្រព្យសម្បត្តិ ឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោក យិត ខាវ ជាម្ចាស់បំណុលនិងកូនៗ របស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់នៅ លើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេងម្តងម្កាល ពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះសុទ្ឋសឹងមានផ្ទះសំបែង រស់នៅរៀងៗខ្លួន គឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។
នាងសាមចាន់បានអះអាងប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណាវី បានដាក់ពាក្យ បណ្តឹង ទៅសាលាដំបូងខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រង លើដីនិងផ្ទះទំនាស់នេះ ដោយយោងលើលិខិតគ្រប់គ្រងដី និងផ្ទះ ដែលចុះហត្ថលេខា ដោយលោកមេឃុំសំរោង តាំងពីសាលាដំបូង រហូតដល់តុលាការកំពូល។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដី និងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះ សម្រាប់រស់នៅក្រៅពីដី និងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំបានស្នើសុំការដោះស្រាយតាមគោលការណ៍ មនុស្សធម៌ជាច្រើនលើក ច្រើនសារតាមរយៈ លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន មេត្តាជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយគោលនយោបាយមនុស្សធម៌ ស្របតាមគោលនយោបាយឈ្នះឈ្នះ ដោយក្តីអនុគ្រោះ៕