ព័ត៌មានជាតិ

ពីថ្ងៃ៦-១២ កក្កដា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី៦-១២ ខែកក្កដា ឆ្នាំ២០២២ នៅតាមបណ្ដាខេត្តមួយចំនួន នៃប្រទេសកម្ពុជា នឹងអាចមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងនៅថ្ងៃ៥ កក្កដា បានឲ្យដឹងថា កម្ពុជាបន្តទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលកើតឡើងអូសបន្លាយលើភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនិងឥទ្ធិពលនៃខ្យល់មូសុងនិរតី បក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ ។

ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀង ធ្លាក់ច្រើនដោយអន្លើ ។

ដោយឡែក បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះ ក៏អាចមានកន្លែងខ្លះភ្លៀង ធ្លាក់ច្រើនដោយអន្លើ ។ ចំណែក តំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមទាំងរលកសមុទ្រមានកំពស់ខ្ពស់ ៕

To Top