ព័ត៌មានជាតិ

បង្ក្រាបករណីប៉ុនប៉ង ផលិតកែច្នៃគ្រឿងញៀន ចាប់ខ្លួនចិនតៃវ៉ាន់ ៦នាក់ ដកហូតសារធាតុ គីមីផ្សំជាង ១៤តោន នៅព្រះសីហនុ

ភ្នំពេញ៖ កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ មិថុនា បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងប៉ុនប៉ងផលិត កែច្នៃសារធាតុញៀនចំនួន២ទីតាំង ចាប់ខ្លួនជនជាតិតៃវ៉ាន់៦នាក់ ព្រមទាំងដកហូតសារធាតុគីមីផ្សំជាង ១៤តោន នៅខេត្តព្រះសីហនុ ។

ទីតាំងប៉ុនប៉ងផលិត ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ២ទីតាំងនេះរួមមាន៖ ទីតាំងទី១.នៅចំណុចឃ្លាំងលើ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ទីតាំងទី២.នៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជនសង្ស័យ ៦នាក់មានឈ្មោះ ១-ឈ្មោះ ZEN MING JIAN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់, ២-ឈ្មោះ LING YAN HONG ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៣-ឈ្មោះ CHAI YU ZHONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៤-ឈ្មោះ CHEN WEI YAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិនតៃវ៉ាន់, ៥-ឈ្មោះ CHEN DE YAN ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និងទី៦-ឈ្មោះ LI CHONG HUI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ ។

ផ្ទាំងពាណិជ្ជកម្ម

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ សារធាតុគីមី និងគីមីផ្សំចំនួន ១៤តោន និង១៦០គីឡូក្រាម, ឧបករណ៍សម្ភារកែច្នៃផលិត រួមមានដូចខាងក្រោមៈ ១-ឆ្នាំងប្រតិកម្មចំនួន៥០គ្រឿង, ២-កែវប្រតិកម្មចំនួន ៧គ្រឿង, ៣-ម៉ាស៊ីនភ្លើងចំនួន០៣គ្រឿង, ៤-ជើងទម្រធុប្រតិកម្មចំនួន៥៩គ្រឿង, ៥-កញ្រ្ចែងមួយចំនួន, ៦-ម៉ាស៊ីនប្រតិកម្មចំនួន៥គ្រឿង, ៧-ធុងមួយចំនួន, ៨-ជីឡៅចំនួន១០ជីឡៅ, ៩-ម៉ូទ័រក្រឡុកចំនួន០១គ្រឿង និង១០-សំបកធុង២៩៨សំបក ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី ៕

To Top