នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា ប្រាប់ពិភពលោក គួរពិចារណា អ្វីទៅដែលហៅថា «ទណ្ឌកម្ម» (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ បានប្រកាសប្រាប់ពិភពលោកថា គួរត្រូវពិចារណាអ្វីទៅដែលហៅថា «ទណ្ឌកម្ម»។

ការប្រកាសឲ្យពិចារណានេះ ធ្វើឡើងបន្ទាប់ពីប្រទេសជាច្រើន ទូទាំងពិភពលោក កំពុងប្រឈម នឹងវិបត្តិថាមពល និងស្បៀងអាហារ ដែលបណ្ដាលមកពីការដាក់ ទណ្ឌកម្ម គ្នាទៅវិញទៅមក រវាងប្រទេសមហាអំណាច ក្នុងការឆ្លើយតបទៅនឹងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី៦ កក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឥឡូវនេះរឿងការប្រែប្រួលអាកាសធាតុ គ្មានន័យតទៅទៀតនោះទេ ដោយសារតែក្រោយការប្រជុំនៅឆ្នាំ២០២១ នៅអង់គ្លេស នាំគ្នាប្រកាសថាឈប់ប្រើធ្យូងថ្ម ឥឡូវប្រទេសនៅអឺរ៉ុបប្រើធ្យូងថ្មហើយ ហើយប្រើមុនគេគឺអាល្លឺម៉ង។

ការប្ដូរមកប្រើធ្យូងថ្ម របស់ប្រទេសនៅអឺរ៉ុបនេះ ដោយសារតែរុស្ស៊ី បានកាត់ផ្ដាច់ការផ្គត់ផ្គង់ ឧស្ម័ន ហ្គាស ទៅកាន់ប្រទេសទាំងនោះ ជាការឆ្លើយតបទៅនឹង វិធានការទណ្ឌកម្មផ្សេងៗ ។

ផ្ទាំងពាណិជ្ជកម្ម

ជុំវិញការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមកនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដាក់ទណ្ឌកម្មទៅវិញទៅមក ធ្វើឲ្យវិបត្តិថាមពល កើតឡើងពេញបន្ទុកទូទាំងពិភពលោក រួចស្រេចទៅហើយ ។ ចឹងបានកុំលេងអាល្បែងទណ្ឌកម្ម អាល្បែងធ្វើសង្គ្រាម ក៏ត្រូវតែជៀស និងអាល្បែងទណ្ឌកម្ម ក៏ត្រូវតែជៀស ។

សម្ដេចថា ឥឡូវប្រេងក៏ឡើងថ្លៃ ធ្យូងថ្មក៏ឡើងថ្លៃ ។ សម្ដេចបញ្ជាក់បន្ថែមថា “ឥឡូវទណ្ឌកម្មបានអ្វីមកវិញ វាបានមកការឈឺចាប់ សម្រាប់ទាំងអស់គ្នា។ សង្គ្រាមវាឈឺចាប់សម្រាប់ រុស្ស៊ីនិងអ៊ុយក្រែន ជាពិសេសប្រជាជនអ៊ុយក្រែន ក៏ប៉ុន្តែទណ្ឌកម្មនេះ វាបានទាំងអ្នកដាក់ទណ្ឌកម្មគេ ក៏ត្រូវងាប់ខ្លួនឯង ប៉ុន្តែរឿងយើងអត់ដឹងអីនេះ ក៏ត្រូវទទួលទណ្ឌកម្មនឹងគេដែរ” ។

សម្ដេចសង្កត់ធ្ងន់ថា “ពិភពលោកគួរត្រូវបានពិចារណា អ្វីទៅដែលហៅថា «ទណ្ឌកម្ម»” ។

ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ លើកឡើងចោទជាសំនួរថា តើសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន វាដល់ពេលណាចប់ ហើយមធ្យោបាយទណ្ឌកម្ម ដល់ពេលណាបានចប់ ៕

To Top