ព័ត៌មានជាតិ

ជិះម៉ូតូឆ្លងថ្នល់មិនប្រយ័ត្ន ទៅបុកទ្វាររថយន្ត បណ្តាលអោយស្លាប់

ពោធិសាត់៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ដោយសារតែបើកបរម៉ូតូលឿន ហើយឆ្លងផ្លូវមិនប្រយ័ត្ន បានបុកនិងទ្វាររថយន្តមួយគ្រឿង តាមបណ្តោយផ្លូវជាតិលេខ៥ កាលពីវេលាម៉ោង១៤៖២៥នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំនុចបង្គោលគីឡូម៉ែត្រ លេខ ១៩៦-១៩៧ លើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងភូមិក្រពើររោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

សាក្សីនៅកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញ បុរសរងគ្រោះ ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា គ្មានស្លាកលេខជិះឆ្លងកាត់ផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីជើងទៅត្បូង ហើយបន្ទាប់មកក៍មាន រថយន្តម៉ាកហ៊ីយិនដាយមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីកើតទៅលិច ហើយម៉ូតូជនរងគ្រោះ ក៍បានទៅបុកនឹងទ្វាររថយន្ត បណ្តាលអោយស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

តាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកបាកាន បានអោយដឹងថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មានឈ្មោះអង ដា ភេទប្រុសអាយុ ៣៩ ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិក្រពើររោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់។

ក្រោយសមត្ថកិច្ចនគរបាលចរាចរណ៍ចុះពិនិត្យ និង វាស់វែងរួចហើយ សពជនរងគ្រោះត្រូវបានប្រគល់ អោយទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និង ម៉ូតូសមត្ថកិច្ចបានយកមករក្សាទុក ដើម្បីរងចាំការដោះស្រាយ៕

To Top