ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម បង្ហាញអំពីអត្ថប្រយោជន៍ ជាច្រើននៃព្រៃឈើ និងអំពាវនាវ ឲ្យប្រជាពលរដ្ឋដាំដើមឈើ ក្នុង១នាក់បាន១ដើម

កំពង់ចាម ៖ ក្នុងឱកាសប្រារព្ធរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២ នៅបរិវេណវត្តគគរ ស្ថិតក្នុងឃុំគគរ ស្រុកកំពង់សៀម នាព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បើមានប្រសាសន៍បង្ហាញអំពីអត្ថប្រយោជន៍ ជាច្រើននៃព្រៃឈើ និងណែនាំឲ្យប្រជាពលរដ្ឋចេះស្រលាញ់ និងដាំដើមឈើក្នុងម្នាក់ ឲ្យបាន១ដើមផងដែរ ។

លោកអភិបាលខេត្តបានថ្លែងថា យើងទាំងអស់គ្នាបានជ្រាបហើយថា ពិធីទិវាដាំដើមឈើជាប្រពៃណីជាតិ វប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ច ដឹកនាំរបស់មហាវីរក្សត្រ ព្រះបរមរតនកោដិ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ក្នុងគោលបំណងបំផុស ចលនាដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេសដើម្បីថែរក្សាការពារ និងបណ្ដុះគំនិតសលាញព្រៃឈើ និងបរិស្ថានធម្មជាតិ ។ ក្នុងទិសដៅបន្តវេន នូវទិវាដ៏ប្រពៃនេះ រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធី នេះឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី ៩ ខែកក្កដា ។ ប៉ុន្តែពិធីនេះបានអាក់ខានអស់រយៈពេល២ឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារស្ថានភាព នៃការឆ្លងរីករាលជាសាកល នៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានយកឱកាសនោះ សូមអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះ ដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និង បានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់ សម្រាប់កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ ។ នៅតាមវត្តអារាម សាលារៀន សួនច្បារមានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយ ទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកប ដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់ សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្តផងដែរ ៕

To Top