ព័ត៌មានជាតិ

អគ្គនាយក គយ ប្រាប់គន្លឹះសំខាន់ៗដើម្បី បង្ក្រាបរថយន្តគ្មានពន្ធ នៅកម្ពុជាឱ្យបានជោគជ័យ

ភ្នំពេញ ៖ តាមការអង្កេត និងទិដ្ឋភាពជាក់ស្តែង សម្រាប់រថយន្តគ្មានពន្ធ ជាច្រើនដែលជ្រកក្រោមស្លាកលេខផ្សេងៗមានស្រាប់នៅកម្ពុជា មួយភាគធំជារថយន្តទំនើប រថយន្តប្រណីត និងមួយភាគទៀត ជារថយន្តអាជីវកម្មដឹកដី ដឹកថ្ម ។ ដើម្បីបង្រ្កាបរថយន្ត គ្មានពន្ធ ទាំងនោះឱ្យបានជោគជ័យ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហើបពីគន្លឹះ សំខាន់ៗ មួយចំនួន ។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃការអនុវត្តការប្រមូលពន្ធ លើយានយន្តគ្មានពន្ធ និងអាករ នាំចូលដែលមានស្រាប់ ក្នុងប្រទេស នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ លោក គុណ ញឹម ក៏បានឲ្យដឹងថា ក្នុងការអនុវត្តនូវការបង្ក្រាប រយៈពេល១០ខែកន្លងទៅនេះ បានជួបប្រទះនូវបញ្ហា ប្រឈមមួយចំនួន ដែលកើតចេញពីអ្នកមានលុយ មានអំណាចមួយចំនួន តែប្រើប្រាស់រថយន្តគ្មានពន្ធ ដោយមានទាំងការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងអាកប្បកិរិយាមិនគប្បីផងដែរ ។

តែទោះយ៉ាងនេះក្តី អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា បានប្រាប់នូវចំណុចសំខាន់ ដែលជម្រុញដល់ការអនុវត្តការបង្ក្រាបនេះ ទៅបានដោយជោគជ័យ និងផុសផលយ៉ាងនេះ គឺមានកត្តារួមផ្សំជាច្រើនជាពិសេស គឺការគាំទ្រយ៉ាងពេញទំហឹង ពីពសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកម្លាំងចុះផ្ទាល់ គឺកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។

លោក គុណ ញឹម ថា “ការអនុវត្តតួនាទីភារកិច្ចរបស់យើង ជាពិសេស ក្នុងការបង្ក្រាបនេះ គឺជួបប្រទះបញ្ហាប្រឈមខ្លះៗដែរ និយាយអំពីការបង្ក្រាបរថយន្ត រថយន្តទំនើប ឬរថយន្តធម្មតា យើងជួបប្រទះការប្រឈម ប៉ុន្តែយើងទទួលបានការគាំទ្រ ពីមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជាកម្លាំងអន្តរាគមន៍ មួយយ៉ាងសំខាន់ នៅក្នុងការជម្រុញការអនុវត្តច្បាប់ ជាពិសេសសកម្មភាពបង្ក្រាបរបស់យើងនេះ ។ ជាការពិតវាករណីដែលអ្នកកាន់កាប់ រថយន្តទំនើប ឬរថយន្តប្រណីតអីនឹង មានអាកប្បកិរិយាមិនសម ពាក្យសម្តីមិនសមរម្យ មកលើកមន្ត្រីរបស់យើង ហើយយើងព្យាយាមពន្យល់អំពីកាតព្វកិច្ច អំពីការអនុវត្តច្បាប់ទាំងអស់គ្នា”

លោកបន្ថែមទៀថា “ជាពិសេសនៅក្នុងយុទ្ធនាការ នៅក្នុងការប្រមូលពន្ធ លើរថយន្តមានស្រាប នៅក្នុងប្រទេសនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងនៅកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីគឺមានការដាចខាតខ្លាំង ហើយសម្តេចថែមទាំងលើកឡើងទៀតថា សម្តេចចង់ដឹងថា មន្ត្រីណាដែលប្រើប្រាស់រថយន្តទំនើប គ្មានពន្ធ? ថែមទាំងបង្ហើបថា គយ ត្រូវរាយការណ៍ ជូនសម្តេចតែម្តង អំពីអត្តសញ្ញាណ បុគ្គល ឬមន្ត្រីជាន់ខ្ពស់ ឬមន្ត្រីណា ដែលមានតួរនាទី ឬថាមានតំណែង ហើយកាន់កាប់រថយន្តគ្មានពន្ធ”

លោកបញ្ជាក់ថា “ទទួលការគាំទ្រយ៉ាងខ្លាំង ពីសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងការអនុវត្តតួរនាទីនិងភារកិច្ចរបស់យើង ជាពិសេសការបង្ក្រាបនេះឯង ។ ហើយខ្ញុំបានជម្រាបជូនរួចហើយថា ក ម្លាំងគាំទ្រ ឬថាកម្លាំងអន្តរាគមន៍ យ៉ាងសំខាន់របស់យើង គឺមន្ត្រីនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែមានវត្តមានជានិច្ច ជាមួយមន្ត្រីគយ នៅក្នុងពេលបង្ក្រាបបាន”

To Top