ព័ត៌មានជាតិ

អ្នកចាប់ផ្ដើម ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមអនឡាញ អាចដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ដោយមិនរងការផាកពិន័យ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ទើបចាប់ផ្តើម ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្រសួង ដោយមិនរងការផាកពិន័យឡើយ។

តាមសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ បានលើកឡើងថា បន្ទាប់ពីបានប្រកាសឲ្យរូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់មកសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណសម្រាប់ប្រកបអាជីវកម្ម កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ និងក្រោយពីបានលើកពេលសម្រាប់ការមកដាក់ពាក្យស្នើសុំដោយមិនជាប់ពិន័យចំនួន ៤លើក (លើកចុងក្រោយគឺនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២) រួចមក ឃើញថា មានរូបវន្តបុគ្គល និងនីតិបុគ្គលជាច្រើនពាន់នាក់ បានមកដាក់ពាក្យស្នើសុំ ដើម្បីក្លាយជាអ្នកប្រកបអាជីវកម្មស្របច្បាប់។

ផ្អែកលើគោលការណ៍ច្បាប់ជាធរមាន ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្រសួងនៅតែបន្តទទួលពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមនីតិវិធី ដូចជា ៖ នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ត្រូវមកដាក់ពាក្យស្នើសុំ តែត្រូវរងការផាកពិន័យតាមច្បាប់ជាធរមាន។

ក្រសួង បានបញ្ជាក់ទៀតថា «នីតិបុគ្គល សាខាក្រុមហ៊ុនបរទេស និងសហគ្រាសឯកបុគ្គល ដែលទើបចាប់ផ្តើមធ្វើប្រតិបត្តការ ឬមានបំណងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក អាចមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ»។

ក្រសួង បន្ថែមថា រូបវន្តបុគ្គលដែលមានផលរបរនៅក្រោមកម្រិតផលរបរជាអ្នកជាប់ពន្ធតូច អាចបន្តជូនដំណឹងមកក្រសួងពាណិជ្ជកម្ម ដើម្បីអាចទទួលបានការលើកលែងមិនតម្រូវឱ្យដាក់ពាក្យស្នើសុំ ឬក៏បើរូបវន្តបុគ្គលនោះនៅចង់ទទួលបានលិខិតអនុញ្ញាត អាចអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយមិនរងការផាកពិន័យឡើយ៕

To Top