ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២។

លោកបណ្ឌិត សូមចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាព ចំពោះការកើតឡើង នូវសមិទ្ធផលថ្មីៗជាច្រើន នៅក្នុងទីអារាមនេះដែលបានកើតឡើង ពីកម្លាំងសាមគ្គីធម៌ និងសទ្ធាជ្រះថ្លារួមគ្នា ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ សម្រាប់បង្កលក្ខណៈ ដល់ការធ្វើបុណ្យបំពេញទាន របស់បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់ដែលធ្លាប់មានអតីតកាល ដ៏ជូរចត់ពោរពេញដោយគ្រោះថ្នាក់ ការបំផ្លិចបំផ្លាញ និងវិនាសកម្មបង្កឡើងដោយសង្គ្រាម ប៉ុន្តែសព្វថ្ងៃតំបន់អតីតសមរភូមិមួយនេះ បានប្រែមុខមាត់ និងក្លាយមកជាតំបន់អភិវឌ្ឍ គ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រកបដោយសក្តានុពល។

លោក ម៉ាណែត រំលេចថា ការរីកចម្រើនលូតលាស់ នៃវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមរតកវប្បធម៌ ដែលបុព្វបុរសបានបន្សល់ទុក គឺបានបម្រើជាផលប្រយោជន៍ យ៉ាងច្រើនលើសលប់ ដល់ប្រជាពលរដ្ឋយើង ជាពុទ្ធបរិស័ទដែលតែងតែមានជំនឿ និងគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន។ ក្រោយឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ដោយដៃម្ខាងប្រឹងទប់ស្កាត់សង្គ្រាម ជាពិសេសការវិលមកវិញ នៃរបបខ្មែរក្រហម និងដៃម្ខាងទៀតប្រឹងស្តារ កសាងអភិវឌ្ឍជាតិ។ ដំបូលនៃសន្តិភាព ពិតជាបានផ្តល់ឱកាស ឱ្យយើងអាចកសាងឡើងវិញ នូវទីអារាមថ្មីៗបន្ថែមទៀតជំនួសវត្តចាស់ៗ ដែលត្រូវបានបំផ្លាញចោលអស់ ក្នុងកំឡុងពេលសង្គ្រាមបង្ហូរឈាម។

លោក បន្តថា ការកសាងសមិទ្ធផលក្នុងផ្នែកពុទ្ធចក្រ ក៏មិនមែនត្រឹមតែផ្តល់ផល ក្នុងមជ្ឈដ្ឋានពុទ្ធចក្រប៉ុណ្ណោះទេ ប៉ុន្តែក៏បានរីកសាយភាយ ដល់ពិភពអាណាចក្រផងដែរ ជាពិសេសផលនៃការអប់រំ ប្រៀនប្រដៅផ្នែកសីលធម៌ គុណធម៌ និងមនុស្សធម៌ ដែលជាភាវៈនៃសេចក្តីល្អ សម្រាប់ការអភិវឌ្ឍសង្គមជាតិ។ ពុទ្ធសាសនាបានចូលរួម ជាចំណែកមួយយ៉ាងសំខាន់បំផុត នៅក្នុងការបណ្តុះផ្នត់គំនិត និងអប់រំបង្រៀនប្រៀនប្រដៅ ដល់ប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសិស្សានុសិស្ស ចាប់តាំងក្មេងតូចៗ ឱ្យស្គាល់អំពីផល នៃការប្រព្រឹត្តអំពើល្អ និងតម្លៃនៃសីលធម៌-គុណធម៌ ក្នុងការរស់នៅ ប្រាស្រ័យទាក់ទង នៅក្នុងសង្គមប្រសើរថ្លៃថ្នូរ ដូចសុភាសិតពោលថា “ដំដែកទាន់នៅក្តៅ ប្រដៅមនុស្សទាន់នៅក្មេង”។ អាណាចក្រ និងពុទ្ធចក្រត្រូវដើរទន្ទឹមគ្នា ដោយវិស័យអាណាចក្រផ្តល់នូវឱកាសអភិវឌ្ឍសមត្ថភាព និងលទ្ធភាពដល់មនុស្សលោក ជាមួយគ្នានេះវិស័យពុទ្ធចក្រ ផ្តល់នូវការអប់រំផ្នែកចិត្តគំនិត ឱ្យមានសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា បានពង្រឹងផ្នែកទាំងពីរទន្ទឹមគ្នា ដើម្បីឈានដល់ការ បញ្ចូលជាកម្មវិធីសិក្សា ចាប់ពីថ្នាក់មត្តេយ្យដល់ថ្នាក់ឧត្តមសិក្សា ដោយសារកត្តានេះ គឺជាចំណុចប្រសព្វ និងខ្លឹមសារស្នូលរួមនៃការអប់រំ ដែលផ្តល់ផលប្រយោជន៍រួម ជូនសង្គមជាតិ តាមរយៈការទទួលបាន នូវធនធានមនុស្ស ជាពលរដ្ឋប្រកបដោយសមត្ថភាព អត្តចរិត និងវិន័យល្អថ្លៃថ្នូរ មានការគោរពចំពោះគ្នា ស្អប់ខ្ពើមអំពើហិង្សា និងចេះអត់អោនយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ដោយទាំងអស់នេះហើយ គឺជាមូលដ្ឋាននៃសន្តិភាព និងភាពសុដុមរមនា ក្នុងសង្គមរស់នៅប្រកបដោយអារ្យធម៌។

លោកបន្តថា ការចូលរួមប្រកបដោយសទ្ធាជ្រះថ្លា រីករាយពីសំណាក់សប្បុរសជន គ្រប់មជ្ឈដ្ឋាន គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណតម្លៃ ដ៏ពិសិដ្ឋនៃវប្បធម៌ចែករំលែក ដែលជាដួងព្រលឹង របស់ប្រជាជាតិខ្មែរយើង។ ជាសក្ខីភាពជាក់ស្តែង នៅក្នុងវិបត្តិគ្រោះភ័យ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលដែលដឹកនាំ គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួម ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន-សហគ្រាស អង្គការសង្គមស៊ីវិល សប្បុរសជនក្នុងនិងក្រៅប្រទេស ព្រមទាំងប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ បានខិតខំប្រយុទ្ធយកឈ្នះទល់នឹង ការរាតត្បាតនៃជំងឺ ដ៏កាចសាហាវនេះ តាមរយៈការរួមសាមគ្គីគ្នា ទាំងកាយនិងចិត្ត និងការចូលរួមចែករំលែកធនធានថវិកា សម្ភារទៅតាមលទ្ធភាព សំដៅធ្វើយ៉ាងឆ្លើយតប ឱ្យបានទាន់ពេលវេលា នូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទូទាំងប្រទេស ដោយរាប់ទាំងតម្រូវការវ៉ាក់សាំង, ការព្យាបាល, ការសង្គ្រោះបន្ទាន់ និងការឧបត្ថម្ភគាំទ្រ ផ្នែកជីវភាពដែលទទួលរងផលប៉ះពាល់។ ផលតបស្នងនៃអំពើបុណ្យកុសល ដែលគណបក្សប្រជាជនកម្ពុជា បានសាង គឺជាការទទួលបានមកវិញ នូវការគោរពស្រឡាញ់ពេញចិត្ត និងការបន្តផ្តល់ទំនុកចិត្ត ពីបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចដែលស្តែងឡើង តាមរយៈលទ្ធផលជោគជ័យ ដ៏លើសលប់ របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃ៥ ខែមិថុនា ឆ្នាំ២០២២ ថ្មីៗកន្លងទៅនេះ៕

To Top