ហ្សាកាតា៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បានអំពាវនាវកាលពីថ្ងៃសុក្រ សម្រាប់ក្រុមប្រទេសទាំង២០ (G20) ដើម្បីស្វែងរកដំណោះស្រាយ ជាសកល ដើម្បីដោះស្រាយផលប៉ះពាល់ នៃវិបត្តិអ៊ុយក្រែន និងការពារ ពហុភាគីនិយម។
អ្នកការទូតកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី បានលើកឡើងថា ឥទ្ធិពលរលកលើអាហារ ថាមពល និងទំហំសារពើពន្ធនៃសង្រ្គាមនៅអ៊ុយក្រែន កំពុងត្រូវបានទទួលអារម្មណ៍ជាសកល ហើយដូចដែលតែងតែ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាប រងផលប៉ះពាល់ខ្លាំងជាងគេ។
លោកស្រីក៏បានព្រមានផងដែរថា កំណើនសេដ្ឋកិច្ចពិភពលោក ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះមកត្រឹម ២,៩ភាគរយនៅឆ្នាំ២០២២ ខណៈពេលដែលអតិផរណា អាចឡើងដល់ ៨,៧ ភាគរយ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដោយបន្ថែមថាបញ្ហាប្រឈម សកល ត្រូវការដំណោះស្រាយជាសកល។
ស្តីពីពហុភាគីនិយម លោកស្រីបានលើកឡើងថា ស្ថានភាពពិភពលោកបច្ចុប្បន្នធ្វើឱ្យមនុស្សបាត់បង់ជំនឿលើពហុភាគីនិយម និងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមសកល។
ទោះជាយ៉ាងនេះក្តី លទ្ធិពហុនិយម គឺជាយន្តការតែមួយគត់ ដែលគ្រប់ប្រទេសទាំងអស់ ដោយមិនគិតពីទំហំ និងទ្រព្យសម្បត្តិរបស់ពួកគេ ឈរលើគោលជំហរស្មើគ្នា និងត្រូវបានប្រព្រឹត្តិដោយស្មើភាពគ្នា ដោយរដ្ឋមន្ត្រីរូបនេះបានបន្ថែមថា សំឡេងរបស់ប្រទេសទាំងអស់ មិនថាតូច ធំ ខាងជើង និងខាងត្បូង អភិវឌ្ឍ និងកំពុងអភិវឌ្ឍត្រូវតែស្តាប់៕
ប្រែសម្រួល ឈូក បូរ៉ា