ព័ត៌មានជាតិ

ព្រះមហាក្សត្រ អំពាវនាវឲ្យជនរួមជាតិទប់ស្កាត់ បញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងការបរបាញ់សត្វព្រៃខុសច្បាប់

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលអំពាវនាវ ឲ្យបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។

ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ប្រារព្ធធ្វើនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៩ កក្កដា ព្រះមហាក្សត្រកម្ពុជា បានអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាមទីសាធារណៈនិងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាម ភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស ស័ព្ទ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់ កម្លាំងខ្យល់កន្ត្រាក់ ស្របឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាសផងដែរ។

ព្រះអង្គមានព្រះបន្ទូលបន្តថា ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគ្រូស្រុករដែល ទើបរៀបអាពាហ៍ពិពាហ៍ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ។

ព្រះមហាក្សត្រកម្ពុជា មានព្រះបន្ទូលបញ្ជាក់ថា «ម្យ៉ាងទៀតសូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើង ជំនាន់នេះនិងជំនាំន់ក្រោយៗទៀត។ ពិសេសត្រូវចូល រួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយ ណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។

ព្រះមហាក្សត្រ ក៏បានអរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេច គោលដៅអភិវិឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ៕

To Top