ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ តម្កល់ទោសបុរស នីហ្សេរីយ៉ាម្នាក់ និង ស្ត្រីខ្មែរ២នាក់ ជាប់ពាក់ព័ន្ធនឹងការឆបោក និង សម្អាតប្រាក់ ជាង២០ម៉ឺនដុល្លារ

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០២២នេះ បានប្រកាសដីកា តម្កល់ទោស ជនជាប់ចោទ ជនជាតិ នីហ្សេរីយ៉ាម្នាក់ និង ស្ត្រីខ្មែរ ចំនួន២នាក់ ជាប់នៅក្នុងពន្ធនាគារ ក្នុងម្នាក់ៗ រយៈពេល ពី២ឆ្នាំកន្លះ ទៅ៣ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការឆបោក និង សម្អាតប្រាក់ ចំនួនជាង២០ ដុល្លារអាមេរិក តាមរយៈប្រព័ន្ធអ៉ីនធឺណិត ប្រព្រឹត្តនៅ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០ ។

លោក គី ឬទ្ធី ជាប្រធានចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា ជនជាប់ចោទទាំង៣នាក់ មានឈ្មោះ ៖ ទី១-ឈ្មោះ OLOWOGEMO SUNKANMI DAVID ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិនីហ្សេរីយ៉ា មុខរបរជាអាជីវករ ត្រូវជាប់ក្នុងពន្ធនាគារ រយៈពេល ៣ ឆ្នាំ។ ទី២- ឈ្មោះ ង៉ាន់ សំស្រីពេជ្រ អាយុ ២៧ ឆ្នាំ ( ត្រូវជាប្រពន្ធ របស់OLOWOGEMO SUNKANMI DAVID ។ និង ទី៣- ឈ្មោះ មុត លក្ខិណា ហៅស្រី ម៉ៅ អាយុ ៣៣ ឆ្នាំ ត្រូវជាប់គុក កំណត់២ ឆ្នាំ និង ៦ ខែ ម្នាក់ៗ ។

ពួកគេត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: ឆបោក និងសម្អាតប្រាក់ តាមមាត្រា ៣៧៧ , ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

ពួកគេ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ៕

ដោយ: លីហ្សា

To Top