ភ្នំពេញ៖ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ផ្ទៃសមុទ្រនៅខេត្តព្រះសីហនុនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ខ្លាំង និងរលកខ្ពស់ៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនបានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើដំណើរនៅផ្ទៃសមុទ្រទៅកាន់កោះ និងឆ្នេរនានាទេ ។
ការហាមមឃាត់របស់ លោកអភិបាលខេត្តនេះ ដើម្បីការពារពីគ្រោះថ្នាក់ កើតឡើងជាយថាហេតុដែល កើតចេញពីភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។
តាមរយៈសារជាសំឡេងជិត២នាទី ពីលោកអភិបាលខេត្តព្រះសីហនុនេះ ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។ លោក គួច ចំរើន បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយ អំពីបញ្ហាអាកាសធាតុទៅកាន់ ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរ តាមផ្លូវទឹកទៅកាន់លំហសមុទ្រ និងប្រជានេសាទកំពុងស្ថិតនៅ លើលំហសមុទ្រស្រាប់ ខណៈអាកាសធាតុនឹងអាក្រក់ខ្លាំង ចាប់ពីថ្ងៃទី១១-១៤ ខែកក្កដា ឆ្នាំ២០២២ ។
លោក គួច ចំរើន សង្កត់ធ្ងន់ថា “សូមឲ្យមានការយកចិត្តទុកដាក់តាមដាន អំពីការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋ ដោយផ្អែកលើអាកាសធាតុនេះ និងសូមឲ្យមានការហាមឃាត់ ការធ្វើដំណើរតាមទូកទៅលំហសមុទ្រ កោះ ឆ្នេរ ក្នុងរយៈពេលនេះ ព្រោះបញ្ចៀសដើម្បីកុំឲ្យមានគ្រោះថ្នាក់ ឬក៏ការជាប់គាំងណាមួយដែល បង្កទៅដោយមហន្តរាយផ្សេងៗ” ។
ក្រសួងធនធានទឹក នៅថ្ងៃ១១ កក្កដានេះ បានព្យាករណ៍ថា ផ្នែកមួយចំនួនក្នុងភូមិសាស្រ្តខេត្តកោះកុង និងព្រះសីហនុ នឹងមានជំនន់ទឹកភ្លៀង ដោយនៅលើផ្ទៃសមុទ្រ នឹងមានភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំងនិងរលកសមុទ្រខ្ពស់ៗ ៕