ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិចិន១១នាក់ រឹបអូសសារធាតុញៀន ជាង១,៨០តោន និងគីមី ជាង២៧៦តោន នៅរាជធានី-ខេត្ត៤ (Video)

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីកែច្នៃ ផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមី ជាង២៧៦តោន នៅរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្កកណ្តាល។ នេះបើតាមការចេញផ្សាយ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិនាថ្ងៃ១៣ កក្កដា ។

ប្រតិបត្តិការបង្ក្រាប ក្នុងរាជធានី-ខេត្តទាំង៤នេះ ធ្វើតាមបទបញ្ជានាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ពីថ្ងៃទី៤-៩ ខែកក្កដា ឆ្នាំ២០២២ ។

សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេត អស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុគីមីផ្សំ ចំនួន១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ៧គោលដៅ , ខេត្តស្វាយរៀង២គោដៅ , ខេត្តព្រៃវែង១គោលដៅ និងខេត្តកណ្តាល២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង ។

ទីតាំងកែច្នៃផលិត និងស្តុកទុកទាំង៧ទីតាំងនោះរួមមាន ៖ ទីតាំងទី១៖ នៅចំណុចផ្លូវលំភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី២៖ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៣៖ នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង (ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។ ទីតាំងទី៤៖ នៅចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (រោងចក្រកែច្នៃ ផលិត កេតាមីន)។ ទីតាំងទី៥៖ នៅចំណុចផ្លូវក្លោងទ្វារវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៦៖ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។ ទីតាំងទី៧៖ នៅចំណុចកំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល (កុងទឺន័រ ផ្ទុកសារធាតុគីមី)។

វត្ថុតាងចាប់យកបានរួមមាន ៖ របាយសារធាតុញៀនកេតាមីន ចំនួន១ តោន ៨២៧ គ.ក្រ ៩៥២ ក្រាម , សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩ គ.ក្រ , ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ , កេតាមីន ទម្ងន់សុទ្ធ ២១៨.៦២ ក្រាម , រថយន្ត៨គ្រឿង , ម៉ូតូ ៣គ្រឿង , ទូរស័ព្ទដៃ ១៩គ្រឿង និងអចលនទ្រព្យ ចំនួន៧កន្លែង (ខុនដូរ២, ឃ្លាំង៤ , រោងចក្រផលិត ១, ផ្ទះវីឡា១)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕

To Top